ភ្នំពេញ ៖ លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងធ្វើការងារ ជាមួយនឹងធនាគារវីង ដើម្បីផ្តល់កម្ចីដល់ប្រជាពលរដ្ឋ ក្នុងការពង្រីកគោលនយោបាយចិញ្ចឹមសត្វ សម្រាប់ជាសាច់ហូប មានដូចជា ចៀម ពពែ និងបង្កង ដើម្បីជាផ្នែកមួយ នៃការទាក់ទាញភ្ញៀវទេសចរ ទាំងក្នុងនិងក្រៅប្រទេស នាពេលអនាគត។
មានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី “វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ត” របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកបានបន្ថែមថា បច្ចុប្បន្នការចិញ្ចឹមជាម ខេត្ត បាននិងកំពុងអនុវត្តហើយ នៅស្រុកទឹកផុស ដោយចិញ្ចឹមបានជាង៦០០ក្បាលហើយ។
“គម្រោងរបស់ខ្ញុំ គឺពង្រីកការចិញ្ចឹមជាម នៅស្រុកទឹកផុស បានជាង៦០០ក្បាល ហើយកំពុងតែពង្រីក ហើយក៏កំពុងតែចិញ្ចឹមទន្សាយ និងពពែ, ហើយកំពុងធ្វើការជាមួយធនាគារវីង ដោយយើងបានស្នើសុំឲ្យធនាគារជួយ ក្នុងការខ្ចីលុយពីធនាគារដោយគ្មានវត្ថុបញ្ចាំ គឺតាមរយៈគោលនយោបាយចិញ្ចឹមជាម ចិញ្ចឹមពពែនេះ”, នេះបើតាមប្រសាសន៍លោក ស៊ុន សុវណ្ណរិទ្ធិ។ លោកបន្ថែមថា៖ “គោលដៅរបស់ខ្ញុំ គឺទៅដល់កំពង់ឆ្នាំង មានសាច់ជាមហូប ដោយកាលពីមុន យើងថាមានតែនៅអូស្ត្រាលីប៉ុណ្ណោះទេ”៕
អត្ថបទ ៖ សន ពិសិដ្ឋ