×

ក្រុមហ៊ុនជប៉ុន ចង់នាំចូល​បច្ចេកវិទ្យា​កែច្នៃ​សំរាម​ប្លាស្ទិក​ទៅជា​បេតុងកៅស៊ូ សម្រាប់​ការសងសង់​ផ្លូវ​នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនមួយ បានណែនាំគ្រឿងចក្រប្រភេទថ្មី ដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ (AC) សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា និងបានស្នើសុំឱ្យ ក្រសួងពិចារណាលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ដោយហេតុថា វាមានលក្ខណៈសមស្របអាចប្រើប្រាស់បាននៅក្នុងស្ថានភាពប្រទេសកម្ពុជា ដែលសំបូរទៅដោយភ្លៀងធ្លាក់រយៈពេលយូរ អាចធានាបាននូវការជ្រាបទឹក និងធ្វើឱ្យផ្លូវជាប់រឹងមាំបានយូរអង្វែងផងដែរ។

សំណើនេះ បានធ្វើឡើង ក្នុងឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន ដែលដឹកនាំដោយ លោក Shu NISHIYAMA នាយកប្រតិបត្តិក្រុមហ៊ុន និងគណៈប្រតិភូ ដោយមានការអមដំណើរពីជំនាញការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនពិនិត្យស្ថានភាពនៅកម្ពុជាឱ្យបានល្អិតល្អន់ មុននឹងសម្រេចលើការនាំចូលបច្ចេកវិទ្យាថ្មីនេះ ជាពិសេសពិនិត្យទៅលើសំរាមនៅកម្ពុជា ដែលមិនមានការបែងចែកប្រភេទសំរាម អាចបង្កជាបញ្ហាស្មុគស្មាញ ក្នុងការផ្គត់ផ្គង់សម្រាប់ដំណើរការកែច្នៃ និងការប្រមូលសំរាមផងដែរ។ ទោះយ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ត្រីនៅតែបង្ហាញនូវការគាំទ្រលើ គំនិតផ្ដួចផ្ដើមនៃការនាំយកមកប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះផងដែរ ដើម្បីចូលរួមថែរក្សាបរិស្ថានស្អាត។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានលម្អិតទាក់ទងនឹង បរិមាណប្លាស្ទិកនៅកម្ពុជា ថា តើអាចផ្គត់ផ្គង់សម្រាប់ការកែច្នៃបានកម្រិតណា និងបានបញ្ជាក់ថា៖តម្លៃ ផលិតផលនោះ មិនត្រូវឱ្យលើសថ្លៃបេតុងកៅស៊ូ (AC) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នទេ និងត្រូវ សិក្សាអំពីបញ្ហាផលប៉ះពាល់បរិស្ថានដោយប្រៀបធៀបនឹងការប្រើប្រាស់បេតុងកៅស៊ូផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង