×

ចិនបិទ​ព្រំដែន​ជាមួយ​ខេត្តភាគខាងជើង​ឡាវ ខណៈ​រថយន្ត​ដឹកទំនិញ​រាប់រយ​គ្រឿង​កកស្ទះ

ឡាវ៖ ការិយាល័យកិច្ចការបរទេសនៃខេត្តហ្លួងណាំថា ភាគខាងជើងប្រទេសឡាវ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសថា ច្រកព្រំដែនរវាងខេត្តហ្លួងណាំថា ប្រទេសឡាវ និងស្រុកឡា ខេត្តយូណាន ប្រទេសចិន ត្រូវបានបិទ។

សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា កងកម្លាំងពិសេសខេត្តយូណាន បានបិទច្រកទ្វារព្រំដែនជាបណ្តោះអាសន្ន និងផ្អាកការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩។

អាជ្ញាធរចិន បានបញ្ជាឱ្យបិទច្រកព្រំដែនចំនួនពីរគឺ ច្រកប៉ាងហៃ-ឆាហេ និងច្រកប៊ូតេន-បូហាន។ អាជ្ញាធរ មិនបានបញ្ជាក់ថាតើពេលណាប៉ុស្តិ៍ត្រួតពិនិត្យ នឹងត្រូវបើកឡើងវិញទេ។

រថយន្តដឹកទំនិញរាប់រយគ្រឿង បានជាប់គាំងនៅក្នុងខេត្តហ្លួងណាំថា បន្ទាប់ពីប្រទេសចិន បានដាក់ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការចូលរបស់រថយន្តពីប្រទេសឡាវ។

ខេត្តហ្លួងណាំថា បានហាមឃាត់រថយន្តដឹកទំនិញចូលខេត្តជាបណ្ដោះអាសន្ន កាលពីខែមុន ដោយសារតែមានរថយន្តដឹកទំនិញ ត្រឡប់មកវិញយ៉ាងច្រើនដែលរង់ចាំឆ្លងចូលប្រទេសចិន។

ប្រទេសចិន មានការព្រួយបារម្ភពីករណីកូវីដ១៩ ដែលបានរាយការណ៍នៅក្នុងប្រទេសឡាវ។ នៅថ្ងៃទី២៦ ខែមករានេះ ប្រទេសឡាវ រកឃើញករណីឆ្លងកូវីដ១៩ចំនួន ៥៧៩ ករណី ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ ៥៧០ករណី និងនាំចូលពីបរទេសចំនួន ៩ករណី។ ក្នុង២៤ម៉ោងចុងក្រោយ ឡាវរកឃើញអ្នកជំងឺកូវីដ១៩ស្លាប់ថ្មី ៤នាក់ ធ្វើឱ្យករណីស្លាប់សរុបកើនដល់ ៥៣៣នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង