កូឡាឡាំពួរ៖ Mohammed Rosli Asamari គឺជាអ្នកលាងរថយន្ត និងប៉ូលាកង់រថយន្តដ៏ជំនាញម្នាក់ដែលភ្ញៀវជាច្រើន បានសរសើរពីសមត្ថភាពរបស់បុរសរូបនេះជាខ្លាំង បើទោះជាលោកពិការភ្នែកទាំងសងខាងក៏ដោយ។ Rosli មានវ័យ២៩ឆ្នាំ បានពិការភ្នែកខាងឆ្វេងពីកំណើត ក្រោយមកកាលពី២ឆ្នាំមុនភ្នែកខាងស្តាំរបស់លោក ក៏ងងឹតម្ខាងទៀតធ្វើឱ្យលោកមើលលែងឃើញទាំងស្រុង។
ដោយសារមិនចង់ក្លាយជាបន្ទុកដល់ឪពុកម្តាយដែលមានវ័យច្រើនហើយ លោកក៏បានស្វែងរកការងារធ្វើ ជាសំណាងដែលថៅកែនៅកន្លែងលាងរថយន្តមួយ មានចិត្តសប្បុរសបានផ្តល់ឱកាសការងារឱ្យលោកធ្វើ ដើម្បីបានប្រាក់មកផ្គត់ផ្គង់ជីវភាពដូចមនុស្សឯទៀត។ Rosli បានឱ្យដឹងថា ថៅកែរបស់លោក បានផ្តល់ពេលវេលាដើម្បីឱ្យលោកមានភាពស៊ាំជាមួយនឹងការងារដោយមិនបង្ខំ ឬស្តីបន្ទោសអ្វីឡើយ។
Rosli យល់ថា អ្វីក៏ដោយនៅពេលដែលយើងមិនធ្លាប់ធ្វើវា គឺតែងមានការលំបាកដោយសារយើងមិនទាន់ទម្លាប់ជាមួយវា ជាមួយនឹងការងារជាអ្នកលាងរថយន្ត និងប៉ូលាកង់នេះដែរ Rosli បានចំណាយពេល ២-៣ ឆ្នាំ ទម្រាំលោកអាចស៊ាំជាមួយការងារនេះ។ លោកបានឱ្យដឹងបន្ថែមថា លោកមិនអាចប្រើប្រាស់ភ្នែកមើលដូចអ្នកដទៃឡើយ ដូចនេះលោក បានប្រើអារម្មណ៍ដើម្បីដឹងថាចំណុចណាដែលលោកត្រូវធ្វើ។
ជាមួយគ្នានេះ ក៏មានមិត្តរួមការងារចាំជួយពិនិត្យមើលបន្ថែមលើការងាររបស់លោក ដើម្បីប្រាកដថា អ្វីៗគ្រប់យ៉ាងបានរៀបរយ។
គួរបញ្ជាក់ដែរថា បើទោះជាពិការភ្នែកក៏ពិតមែន ប៉ុន្តែ Rosli អាចមានសមត្ថភាពរកប្រាក់ចិញ្ចឹមខ្លួនឯង ដោយមិនបណ្តោយឱ្យខ្លួនក្លាយជាបន្ទុកអ្នកណាឡើយ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺលោក ថែមទាំងបានជួយសម្រួលជីវភាពឪពុកម្តាយដោយផ្តល់ប្រាក់ប្រចាំខែដែលលោករកបានទៀតផង៕