ភ្នំពេញ៖ ជារៀងរាល់ឆ្នាំនៅមុនថ្ងៃចូលឆ្នាំចិនមកដល់ គេសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរដែលជាប់សែស្រឡាយចិន តែងតែនាំគ្នាសម្រុកទៅទិញដើមអង្គារសិល្ប៍យកមកដាំរក្សាវាទុកឱ្យរីកផ្កាទាន់ចំថ្ងៃចូលឆ្នាំចិន។ តាមជំនឿចាស់បុរាណចិនមានជំនឿថា ដើមផ្កាអង្គារសិល្ប៍ដាក់តាំងលម្អក្នុងស្ថាប័ន ហាង ឬដាក់ក្នុងផ្ទះគឺ នាំមកនូវសិរីសួស្ដី និងលាភសំណាង ប៉ុន្តែបើដាំមិនចេញផ្កាទេ នោះគ្រួសារ ឬអាជីវកម្ម នឹងជួបបញ្ហារកស៊ីមិនឡើងជាមិនខាន។ ដូច្នេះហើយ ទើបអ្នកជាប់សែស្រឡាយចិនឱ្យតែដល់ពេលចូឆ្នាំចិនម្តងៗតែងតែទិញផ្កាអង្គារសិល្ប៍មកដាក់តាំង។
ការនេះដោយសារតែពីមួយឆ្នាំទៅមួយឆ្នាំការវិវត្តន៍ផ្នែកបច្ចេកវិទ្យាកាន់តែមានការរីកចម្រើន សូម្បីតែដើមផ្កាអង្គារសិល្ប៍ក៏សបនិមិត្តដែរ(ផ្ការជ័រ) ដើម្បីជំនួសឱ្យផ្ការអង្គារសិល្ប៍ដែលដុះនៅក្នុងព្រៃដែលពិបាកទៅរកកាប់ ហើយពីមួយឆ្នាំទៅមួយឆ្នាំកាន់តែក្រខ្សត់ទៅៗ។ ម្យ៉ាងវិញទៀត ដោយសារតែដើមផ្កាអង្គារសិល្ប៍ធម្មជាតិចេញផ្កាមិនសូវល្អ ឬចេញផ្កាមិនទាន់រដូវចូលឆ្នាំចិន ទើបមានការផលិតជាផ្កាអង្ការសិល្ប៍សបនិមិត្តនេះឡើង។ ដូច្នេះហើយ ទើបជនជាតិចិនមួយចំនួនងាកមកទិញដើមផ្កាអង្គារសីល្ប៍ជ័រវិញ ដើម្បីដាក់តាំងលម្អជំនួស ហើយវានាំផលល្អ និងអត្ថប្រយោជន៍ មិនចាញ់ដើមផ្កាមែនទែនឡើយ។
អ្នកលក់ដើមអង្គារសិល្ប៍ម្នាក់ បានលើកឡើងថា អ្នកជាប់សែស្រឡាយចិនឥឡូវគេនិយមដាក់លម្អផ្កាជ័រវិញ ព្រោះវាបង្ហាញពីភាពស្រស់បំព្រងរហូត ហើយនាំសំណាងល្អឱ្យគ្រួសារដូចគ្នានឹងផ្ការីកមែនទែនដែរ។ បើនិយាយពីតម្លៃវិញគឺ ចាប់ពី៦០ ទៅ ១០០ដុល្លារ ទៅតាមទំហំដើមផ្កា។ តម្លៃនេះខ្ពស់ជាងដើមផ្កាពិតបន្តិចមែន ប៉ុន្តែធានាថា ផ្កា នឹងរីកស្រស់រហូត និងប្រើប្រាស់បានរាប់ឆ្នាំឯណោះ។
អាជីវកររូបនេះអះអាងថា ដោយសារតែមានតម្រូវការផ្កាអង្គារសិល្ប៍ជ័រនេះ លោកក៏បាននាំចូលផ្កាអង្គារសិល្ប៍ជ័រមកលក់ជារៀងរាល់ឆ្នាំផងដែរ ហើយដាក់លក់មិនដែលសល់នោះឡើយ។ ទោះជាយ៉ាងនេះក៏ដោយ សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់នូវផ្កាអង្គារសីល្ប៍ស្រស់ពួកគាត់ក៏នៅតែបន្តទិញយកទៅរដាក់តាំង នៅតាមផ្ទះ ក្រុមហ៊ុន និងស្ថាប័នរបស់ពួកគាត់ដដែល។
សូមបញ្ជាក់ថា ដើមផ្កាអង្គារសិល្ប៍ពិតប្រាកដមិនទាន់ចេញផ្កានៅឡើយទេរហូតមកដល់ពេលនេះ ឬចេញតិចតួចប៉ុណ្ណោះ។ តាមហាងឆេងបច្ចុប្បន្ន សម្រាប់ផ្កាអង្គារសិល្ប៍ពិត សម្រាប់គុម្ពតូចៗ មានតម្លៃចាប់ពី ២៥ដុល្លារ ឡើងទៅ និងគុម្ពធំ មធ្យម តម្លៃ ៥៥ដុល្លារ និង៧៥ដុល្លារ។ ចំណែកគុម្ពធំជាងគេមានតម្លៃពី ១៥០ដុល្លារ និងត្រូវការថែទាំដាក់ត្រាំក្នុងធុងទឹក និងបាញ់ទឹក១ថ្ងៃ៣ដង ដើម្បីឱ្យវាចេញផ្កាឃើញស្រស់ស្អាត៕
ដោយ៖ ឌីយ៉ាម៉ង់