ចិន៖ ការជួបជុំអ្នកគាំទ្ររបស់ក្រុម BLACKPINK កាលពីម្សិលមិញ បានកើតឡើងក្រោយស្ងប់ស្ងាត់សកម្មភាពអស់រយៈពេល១ឆ្នាំ៤ខែមក។ អ្នកគាំទ្រក្រុមចម្រៀងមួយនេះ មានការអន្ទះអន្ទែង ចង់ឃើញក្រុមពួកគេត្រលប់មកវិញជាមួយសកម្មភាពតន្ត្រីសប្បាយៗឡើងវិញបន្តទៀត។ តាមរយៈការជួបអ្នកគាំទ្រតាមអនឡាញកាលពីម្សិលមិញនេះ មានអ្នកគាំទ្របានសួរពាក់ព័ន្ធនឹងពេលវេលាដែលបទចម្រៀងទោលរបស់ Jennie នឹងចេញនៅពេលណាម្តងទៀត?
ពេលនោះ Jennie បានប្រាប់ថា បទចម្រៀងទោលរបស់នាង អាចនឹងមាននៅពេលខាងមុខ ប៉ុន្តែពេលនេះ ត្រូវរៀបចំសម្រាប់ក្រុមជាមុនសិន។ គ្រាន់តែដឹងថាមិនទាន់មានពេលវេលាជាក់លាក់នៃការចេញបទចម្រៀងទោលសម្រាប់ Jennie ក្រុមអ្នកគាំទ្រដ៏ធំជាច្រើនក្រុមនៅចិន បានប្រកាសកាលពីព្រឹកមិញថា នឹងបញ្ឈប់ការគាំទ្ររាល់សកម្មភាពរបស់ក្រុម BLACKPINK ដរាបណាផលិតកម្ម YG មិនបញ្ជាក់ពេលវេលាជាក់លាក់ណាមួយឱ្យដឹងពីការចេញបទចម្រៀងទោលថ្មីរបស់នាង។
គួរបញ្ជាក់ដែរថា ក្នុងចំណោមក្រុមអ្នកគាំទ្រដ៏ធំរបស់ BLACKPINK នៅលើទឹកដីប្រទេសចិនដែលបានប្រកាសសង្គ្រាមជាមួយ YG នោះមានដូចជាក្រុម Baby Blue, Jennie data team, Jennie protect team។ល។ សម្រាប់ភាពស្ងប់ស្ងាត់របស់ក្រុម BLACKPINK មួយរយៈនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើននឹករឭកអ្នកទាំង៤ជាខ្លាំង និងសង្ឃឹមថាពួកគេនឹងត្រលប់មកវិញសាជាថ្មីឆាប់ៗនេះ៕