ភ្នំពេញ៖ អារ៉ាប់ប៊ីសាអូឌីត បានជួបពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ បន្ទាប់ពីដឹងថា កម្ពុជាបានប្រកាសពីគោលដៅទេសចរណ៍ សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ។
ជំនួបពិភាក្សានេះ ធ្វើឡើងក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក សាអូដ អាល់ ស៊ូវេលីម (Saud F.M. Al Suwelim) ឯកអគ្គរាជទូតព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។
ក្នុងឱកាសនោះ ឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត បានមើលឃើញពីវឌ្ឍនភាព និងកោតសរសើរចំពោះកម្ពុជាដែលបានគ្រប់គ្រងបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ប្រកបដោយគុណភាព និងបានអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេសបានយ៉ាងឆាប់រហ័ស ពិសេសគឺការបើកវិស័យសេដ្ឋកិច្ច និងវិស័យទេសចរណ៍ឡើងវិញ។
លោករដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យលោកឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត ជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពទៅក្នុងទីផ្សារទេសចរណ៍ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបានស្នើដល់អារ៉ាប់ប៊ីសាអូឌីត ជួយពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ខណៈភាគីកម្ពុជា បានផ្ញើសេចក្ដីព្រាងអនុស្សរណៈនេះទៅកាន់ភាគីអារ៉ាប់ប៊ីសាអូឌីតរួចហើយ នៅឡើយតែការឆ្លើយតបមកភាគីកម្ពុជាវិញ។ ចំពោះសំណើនេះ លោកឯកអគ្គរាជទូតអារ៉ាប់សាអូឌីតក៏បានទទួលយក និងសន្យាលើកឡើងជូនរដ្ឋាភិបាលរបស់លោក ដើម្បីជំរុញឱ្យកិច្ចការងារនេះឈានទៅសម្រេចបានក្នុងពេលឆាប់ៗខាងមុខ។
ក្រៅពីនេះលោករដ្ឋមន្ត្រី ថោង ខុន ក៏បានលើកឡើងពីគោលបំណងចង់តភ្ជាប់ជើងហោះហើរត្រង់ជាមួយអារ៉ាប់ប៊ីសាអូឌីត។ ការតភ្ជាប់ជើងហោះហើរនេះ អាចធ្វើឡើងតាមទម្រង់ត្រីកោណ (ភ្នំពេញ-ព្រះសីហនុ-សៀមរាប) ឬតាមទម្រង់ផ្ទាល់រីយ៉ាដ-ភ្នំពេញក៏កាន់តែប្រសើរ។
យ៉ាងណាមិញ លោកឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត បានឱ្យដឹងថា គឺនៅក្នុងខែឧសភាខាងមុខនេះ អារ៉ាប់ប៊ីសាអូឌីតនឹងតភ្ជាប់ជើងហោះហើរពីរដ្ឋធានីរីយ៉ាដ (Riyadh) មករាជធានីបាងកកប្រទេសថៃ និងពីរាជធានីបាងកកមករាជធានីភ្នំពេញប្រទេសកម្ពុជា។ នៅពេលបើកសម្ពោធជើងហោះហើរដំបូងនោះ ក៏នឹងមានការរៀបចំដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីទេសចរណ៍អារ៉ាប់ប៊ីសាអូឌីតមកកាន់ប្រទេសកម្ពុជាផងដែរ៕