×

ពលរដ្ឋ​វៀតណាម​ទិញ​រូបខ្លា​ស្រោបមាស តម្លៃ​ដល់​៣ពាន់ដុល្លារ ដោយ​ជឿថា​អាចធ្វើ​ឱ្យរបរ​រកស៊ី​កាក់កប​នៅឆ្នាំថ្មី

ហាណូយ៖ ពលរដ្ឋវៀតណាម បានចំណាយប្រាក់រាប់រយដុល្លារ និងអាចឈានដល់រាប់ពាន់ដុល្លារដើម្បីទិញរូបសត្វខ្លាស្រោបមាស ជាអំណោយជូនដល់ញាតិមិត្ត អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខ្លា ទោះបីជាវិបត្តិកូវីដ១៩ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចក៏ដោយ។

នៅក្នុងពិធីបុណ្យចូលឆ្នាំនៅវៀតណាម ប្រជាពលរដ្ឋវៀតណាម តែងតែផ្តល់អំណោយដល់មនុស្សជាទីស្រលាញ់ និងដៃគូអាជីវកម្ម។

រូបសត្វខ្លាស្រោបដោយមាស ២៤ ការ៉ាត់ កំពុងលក់ដាច់ខ្លាំងតាមហាងលក់វត្ថុអនុស្សាវរីយ៍ នៅទីក្រុងហាណូយ ដោយលក់ក្នុងតម្លៃពី ៣០០ ទៅ ៣០០០ ដុល្លារ។ បុរសម្នាក់ ដែលបានទិញសម្រាប់តុបតែងគេហដ្ឋាន បាននិយាយថា រូបខ្លាធ្វើពីមាស បង្ហាញពីឋានៈខ្ពស់។

ឆ្នាំខ្លា ត្រូវបានគេជឿថា នាំមកនូវអំណាច និងភាពរុងរឿង។ សិប្បករ Vu Dung បានប្រាប់ AFP អំពីរូបសត្វខ្លាដុះស្លាបឥន្ទ្រីដែលគាត់រចនាឡើងថា៖ “រូបសត្វខ្លានៅក្នុងការរចនារបស់ខ្ញុំ មិនត្រឹមតែបង្ហាញពីភាពកោងកាចរបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីអំណាច ការតស៊ូទៅមុខ និងដណ្តើមយកជ័យជម្នះ”។

លោកបានបន្ថែមថា៖ “ការធ្វើរូបខ្លាស្រោបមាស មានន័យថា ម្ចាស់របស់វា ស្ថិតក្នុងវណ្ណៈខ្ពស់ក្នុងសង្គម និងជោគជ័យផ្នែក សេដ្ឋកិច្ច”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង