×

តារាសម្តែង Angelababy និង Huang Xiaoming ប្រកាស​លែងលះ​គ្នា​ជាផ្លូវការ​នៅថ្ងៃនេះ

ចិន៖ នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំចិន នឹងមកដល់ដែលជាឱកាសពិសេសសម្រាប់គ្រួសារនីមួយៗសម្រាកពីការងារដើម្បីជួបជុំគ្នា ប៉ុន្តែបែរជាប្តីប្រពន្ធតារាសម្តែង Angelababy និងHuang Xiaoming ប្រកាសលែងលះគ្នាជាផ្លូវការនៅថ្ងៃនេះទៅវិញ។

គួររំឭកថា ចំណងអាពាហ៍ពិពាហ៍តារាប្រុសស្រីទាំង២នេះ ធ្លាប់មានពាក្យចចាមអារ៉ាមមិនចុះសម្រុងគ្នាតាំងឆ្នាំ២០១៩មកម្ល៉េះ ដោយសង្កេតឃើញថា អ្នកទាំង២ មិនឃើញចែករំលែករូបថតជុំគ្នាទៀតឡើយ ហើយចំណុចនេះ បានធ្វើឱ្យអ្នកគាំទ្រមានសង្ស័យ ប៉ុន្តែអំលុងពេលនោះអ្នកទាំង២ បានចេញមកបដិសេធដោយអះអាងថា ចំណងស្នេហ៍នៅធម្មតា មិនមានភាពរកាំរកូសអ្វីឡើយ។

គួរបញ្ជាក់ដែរថា Angelababy និង Huang Xiaoming បានរៀបចំអាពាហ៍ពិពាហ៍ដ៏ធំកាលពីខែតុលា ឆ្នាំ២០១៥ ដោយមានអ្នកសិល្បៈជាច្រើនចូលរួមអបអរយ៉ាងច្រើនកុះករ។ នាមជាប្តីប្រពន្ធបានរយៈពេល៦ឆ្នាំ ឥលូវអ្នកទាំង២ បានប្រកាសចែកផ្លូវគ្នាជាផ្លូវការ ដែលដំណឹងមួយនេះ បានធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយចំពោះគូនេះជាខ្លាំង។

ទោះជាយ៉ាងណាអ្នកទាំង២ បានចែករំលែកនៅលើគណនី Weibo របស់ខ្លួនថា៖ “អរគុណចំពោះគ្រប់យ៉ាងនាពេលកន្លងមក យ៉ាងណាក៏នៅតែជាគ្រួសារតែមួយ” មួយឃ្លានេះអ្នកទាំង២បានផុស និងថេកឈ្មោះគ្នាទៅវិញទៅមក ដែលបញ្ជាក់ឱ្យឃើញថា អាពាហ៍ពិពាហ៍មួយនេះ បញ្ចប់ទៅដោយសន្តិវិធី៕

    

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង