×

អ្នកវិទ្យាសាស្ត្រ​បង្កើន​ការប្រុងប្រយ័ត្ន ខណៈ​វីរុស​អូមីក្រុង​បំប្លែង BA.2 រាលដាល

ខណៈការឆ្លងនៃវីរុសអូមីក្រុង ចាប់ផ្ដើមស្រកចុះនៅក្នុងតំបន់ខ្លះនៃសហរដ្ឋអាមេរិក អ្នកវិទ្យាសាស្ត្រសង្កេតឃើញថា មានការប្រែប្រួលនៃមេរោគឆ្លងផ្សេងទៀតដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅតំបន់អាស៊ី និងអឺរ៉ុប។ វីរុសបំប្លែងនេះ ត្រូវបានគេហៅថាជាផ្លូវការថា វីរុសអូមីក្រុងបំប្លែង BA.2។

តើវីរុសអូមីក្រុង BA.2 ជាអ្វី?

វេជ្ជបណ្ឌិតសាស្ត្រាចារ្យ Emma Hodcroft ឯកទេសខាងរោគរាតត្បាតនៅសាកលវិទ្យាល័យ Bern នៃប្រទេសស្វីស បានឱ្យដឹងថា៖ «យើងអាចគិតថាវីរុសអូមីក្រុងបំប្លែង BA.2 ជាបងប្អូនបង្កើនរបស់ BA.1។ វីរុសទាំង២ នេះមានការបម្រែបម្រួលស្រដៀងគ្នាច្រើនប្រហែល ៣០ប្រភេទ ឬច្រើនជាងនេះ ប៉ុន្តែវីរុសទាំងនេះក៏មានភាពបម្រែបម្រួលពិសេសជាច្រើនទៀតផងដែរ»។

កាលពីខែវិច្ឆិកាឆ្នាំទៅនេះ នៅពេលអ្នកវិទ្យាសាស្ត្រនៅអាហ្វ្រិកខាងត្បូង និងបូតស្វាណាបានរកឃើញវីរុសអូមីក្រុង ពួកគេមិនបានរកឃើញតែមួយប្រភេទនោះទេ គឺសរុប ៣ប្រភេទ (BA.1, BA.2, និង BA.3) ដោយក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Edingburgh។ តាំងពីដើមមកវីរុស BA.1 មានភាពរាលដាលលឿនជាងប្រភេទ BA.2 និង BA.3។

តើវីរុសអូមីក្រុងបំប្លែង BA.2 អាចឆ្លងបានដូច BA.1 ដែរឬទេ?

ច្រើនសប្ដាហ៍កន្លងទៅនេះ វីរុសអូមីក្រុង BA.2 បានចាប់ផ្ដើមធ្វើឱ្យអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើល ដោយសារនៅក្នុងប្រទេសមួយចំនួនមានករណីវិជ្ជមានវីរុសអូមីក្រុង BA.2 កើនឡើងច្រើន។ បច្ចុប្បន្ន ស្របពេលដែលករណីវិជ្ជមានជំងឺកូវីដចាប់ផ្ដើមធ្លាក់ចុះ ប្រទេសដាណឺម៉ាក កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសអូមីក្រុងបំប្លែង BA.2 ម្ដង។

ចាប់តាំងពីសប្ដាហ៍ទី២ ខែមករា នេះមក វីរុសអូមីក្រុងបំប្លែង BA.2 បានបណ្ដាលឱ្យមានករណីវិជ្ជមានច្រើនជាង ៥០% នេះបើតាមការឱ្យដឹងពីវិទ្យាស្ថាន Statens Serum Institut នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។ យ៉ាងណាមិញ វីរុសអូមីក្រុងបំប្លែង BA.2 ក៏កំពុងរីករាលដាលក្នុងល្បឿនយ៉ាងលឿននៅក្នុងប្រទេសអង់គ្លេស និងអាល្លឺម៉ង់ ដែលបង្កឱ្យមានករណីវិជ្ជមានយ៉ាងហោចណាស់ ៥% នៃករណីសរុបក្នុងប្រទេសទាំងពីរ។

តើវីរុសអូមីក្រុងបំប្លែង BA.2 គ្រោះថ្នាក់ជាង BA.1?

ការសិក្សាជាច្រើនបានបង្ហាញថា វីរុសប្រភេទ BA.1 គ្មានហានិភ័យខ្ពស់បង្កឱ្យយើងធ្លាក់ខ្លួនឈឺធ្ងន់ទេ បើប្រៀបធៀបនឹងវីរុសបំប្លែង Delta នៃជំងឺកូវីដ-១៩។ អ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកជំងឺមិនប្រឈមនឹងការចូលព្យាបាលនៅមន្ទីរពេទ្យទេ ប្រសិនបើឆ្លងវីរុសប្រភេទ BA.2 ប៉ុន្តែទៅថ្ងៃខាងមុខទៀត វាអាចផ្លាស់ប្ដូរយ៉ាងណាទៀតនៅមិនទាន់ដឹងច្បាស់នៅឡើយ។

ទោះជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នានៅតែអាចការពារសុខភាពពីការធ្លាក់ខ្លួនឈឺធ្ងន់បានប្រសិនបើឆ្លងវីរុសកូរ៉ូណាគ្រប់ប្រភេទដោយការចាក់វ៉ាក់សាំងការពារឱ្យបានគ្រប់ដូស រាប់ទាំងដូសជំរុញផងដែរ ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងចៀសវាងការចម្លងទៅមនុស្សជាទីស្រលាញ់ជុំវិញខ្លួន៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង