×

ពលរដ្ឋ​សែស្រឡាយចិន ទៅកាត់ឆុង​ឆ្នាំនេះ​ច្រើនកុះករ​ជាងឆ្នាំមុន បន្ទាប់ពី​ស្ថានភាព​កូវីដ​កាន់តែ​ធូរស្រាល

ភ្នំពេញ៖ នៅសល់តែមួយថ្ងៃទៀតតែប៉ុណ្ណោះគឺដល់បុណ្យចូលឆ្នាំចិន ហើយប្រជាពលរដ្ឋកាត់សែស្រឡាយចិនជាច្រើននាក់ បានសម្រុកទៅធ្វើការកាត់ឆុង តាមប្រពីណៃទំនៀមទម្លាប់ ដែលមានជាច្រើនឆ្នាំណាស់មកហើយនៅលើព្រះវិហារចិន «តាព្រះចៅ‍» មានទីតាំងស្ថិតលើរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។

ប្រជាជនខ្មែរ ជាប់សែស្រឡាយចិនខ្លះទៀត ក៏បានត្រៀមខ្លួនបណ្ដើរៗ ការទិញគ្រឿងសម្ភារសម្រាប់សែនព្រេនទទួលទេវតាឆ្នាំថ្មី ព្រមទាំងការរៀបចំតុបតែងផ្ទះសម្បែង និងពិធីសែននានា ក្នុងនោះចង់មិនចង់ អ្នកមានជំនឿចង់ដឹងអំពីឆ្នាំរបស់ខ្លួន រាសីឡើង ឬក៏ចុះទើបគាត់នាំគ្នាមកធ្វើពិធីកាត់ឆុងនៅលើវិហារ។

ប្រជាពលរដ្ឋដែលអញ្ជើញមកធ្វើការកាត់ឆុងនៅលើព្រះវិហារតាព្រះចៅបានសម្តែង នៅការព្រួយបារម្ភដែលពួកគាត់មានឆ្នាំឆុង ទើបនាំគ្នាមកធ្វើការកាត់ឆុងនិងធ្វើការបួងសួងសុំសេចក្តីសុខ ជាមួយគ្នានោះពួកគាត់ក៏មិនភ្លេចនូវការការពារខ្លួនដោយការពាក់ម៉ាស និងបាញ់អាល់កុល។

បើតាមលោកតាអាចារ្យ ប្រាក់ សំណាង ដែលប្រចាំការនៅលើព្រវិហារតាព្រះចៅ បានប្រាប់ឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋដែលអញ្ជើញមកធ្វើការកាត់ឆុងនៅពេលនេះ មានចំនួនច្រើនជាងឆ្នាំមុន ដោយសារតែឆ្នាំមុនប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងពីជំងឺកូវីដ១៩ ដូច្នេះហើយទើបឆ្នាំនេះ មានការធូស្រាលបន្តិចទើបមានប្រជាពលរដ្ឋច្រើនមកពីគ្រប់ទិសទីមកធ្វើការកាត់ឆុង និងសុំសេចក្តីសុខសប្បាយទាំងអស់គ្នា។

បើតាមការបញ្ជាក់របស់លោកតា ប្រាក់ សំណាង ឱ្យដឹងទៀតថា សម្រាប់ឆ្នាំខាលឆ្នាំនេះឆ្នាំដែលឆុងខ្លាំងជាងគេគឺឆ្នាំវកដែលគេហៅថាឡាក់ឆុងហើយឆ្នាំបន្ទាប់មកទៀតគឺឆ្នាំកុរ និងម្សាញ់។

ពាក់ព័ន្ធជាមួយវិធានការសុខាភិបាល នៅទីតាំងច្រកចេញចូលយើងសង្កេតឃើញមានកម្លាំងសមត្ថិកិច្ចក៏ដូចជាប្រជាការពារនៅចាំធ្វើការណែនាំឱ្យប្រជាពលរដ្ឋរក្សាគម្លាត ពាក់ម៉ាសឱ្យបានគ្រប់គ្នា និងមានការបាញ់អាល់កុលជូនប្រជាពលរដ្ឋដែលចូលរួមធ្វើការកាត់ឆុងផងដែរ។

បើទោះបីជាស្ថានភាពកូវីដ១៩នៅកម្ពុជាហាក់បានធូរស្រាលបន្តិចតែថ្មីៗនេះ វត្តមាននៃការរកឃើញជំងឺកូវីដបំប្លែងថ្មីអូមីក្រុង កំពុងត្រូវបានរកឃើញជារៀងរាលថ្ងៃ ដែលនេះ ជាអ្វីដែលប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលកំពុងមានការព្រួយបារម្ភ និងអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវចូលរួមបន្តដើម្បីគោរពវិធានរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងនៅក្នុងសហគមផងដែរ៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង