×

ការដ្ឋាន​សាងសង់​ស្ពានអាកាស​ផ្លូវជាតិលេខ៥ ក្នុង​ខណ្ឌឫស្សីកែវ គ្រោងធ្វើ​ឱ្យរួច​មុនធ្វើ​ជាម្ចាស់ផ្ទះ SEA GAME ២០២៣

ភ្នំពេញ៖ ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានប្រព្រឹត្តទៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគញមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ស្ពានអាកាសថ្មីដែលគ្រោង នឹងបើកការដ្ឋានស្ថាបនានេះមាន បណ្ដោយ ៤៨៣ម៉ែត្រ ទទឹង ១៥,៨ម៉ែត្រ កម្ពស់ ៥ម៉ែត្រ នៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មី ដែលបាន និងកំពុងសាងសង់បានជាង ៦៣ភាគរយហើយនោះ។

គម្រោងនៃការសាងសង់ស្ពានអាកាសថ្មីហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ គ្រោងនឹងសាងសង់ដោយប្រើរយៈពេល ១៥ខែ ពោលគឺឱ្យហើយនៅចុងខែមេសា ឆ្នាំ២០២៣ មុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ នាពេលខាងមុខ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានអាកាសចំនួនពីរ កន្លែង នោះគឺគម្រោងសាងសង់ស្ពានអាកាសផ្លូវ២០០៤ លើមហាវិថីសហព័ន្ធរុស្សី និងគម្រោងសាងសង់ស្ពានអាកាសលើ បណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុច សាលាដែក ជាប់នឹងឃ្លាំងស្តុកប្រេងឥន្ធនៈសូគីម៉ិច ខណ្ឌឫស្សីកែវ ហើយគម្រោងនៃការស្ថាបនាស្ពានអាកាសទាំងពីរនេះ គ្រោងឱ្យរួចរាល់នៅមុនកម្ពុជាធ្វើជាម្ចាស់ ផ្ទះនៃព្រឹត្តិការណ៍ ប្រកួតកីឡា SEA GAME ២០២៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង