×

អ្នកជំនាញ​អះអាងថា ការកាត់ឆុង​នឹង​នៅតែធ្វើបាន​នៅក្រោយ​ចូលឆ្នាំចិន ខណៈ​ពលរដ្ឋ​សម្រុក​ទៅកាត់ឆុង

ភ្នំពេញ៖ ប្រជាពលរដ្ឋកំពុងសម្រុកទៅធ្វើពិធីកាត់ឆុងនៅវត្តភ្នំ នៅមុនថ្ងៃចូលឆ្នាំចិនមកដល់ ដោយពួកគេមានជំនឿថា ការធ្វើពិធីកាត់ឆុងនឹងនាំមកនូវសេចក្តីសុខសប្បាយជៀសផុតពិគ្រោះចង្រៃផ្សេងៗ និងចាំបាច់ត្រូវតែធ្វើឱ្យបាននៅមុនថ្ងៃចូលឆ្នាំចិនមកដល់។ យោងតាមអ្នកជំនាញនៅវិហារវត្តភ្នំបានអះអាងថា ការធ្វើធិធីកាត់ឆុងនេះគេធ្វើពេញមួយឆ្នាំតែម្តង មិនមែនធ្វើតែនៅមុនពេលចូលឆ្នាំចិននោះទេ។

លោកតាអាចារ្យ ប្រាក់ សំណាង ដែលប្រចាំការនៅលើព្រវិហារតាព្រះចៅ នៅលើរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ បានបញ្ជាក់ថា ការធ្វើពិធីកាត់ឆុងត្រូវបានធ្វើរហូតពេញមួយឆ្នាំទៅតាមពេលវេលា ប៉ុន្តែដោយសារតែប្រជាពលរដ្ឋមួយចំនួនហាក់មិនបានដឹងពីការធ្វើពិធីកាត់ឆុង ទើបសម្រុកនាំគ្នាទៅធ្វើធ្វើឱ្យបានមុនថ្ងៃចូលឆ្នាំចិនទៅវិញ។ ការនេះ ដោយសារប្រជាពលរដ្ឋដែលមានឆ្នាំឆុងមានការព្រួយបារម្ភទើបនាំគ្នាសម្រុកទៅធ្វើពិធីកាត់ឆុងដែលពពាក់ពពូនគ្នារាប់ម៉ឺននាក់។ ចំពោះអ្នកដែលបានដឹងក៏គេមិនសម្រុកធ្វើនៅមុនថ្ងៃចូលឆ្នាំចិនទេ ដោយរង់ចាំធ្វើនៅក្រោយថ្ងៃចូលឆ្នាំចិនវិញ ពោលគឺ នៅពេលដែលស្បើយមនុស្សក៏បាន។

បើតាមលោកតាអាចារ្យ ប្រាក់ សំណាង បានបញ្ជាក់ដែរថា សម្រាប់ប្រជាពលរដ្ឋដែលទៅធ្វើពិធីកាត់ឆុងនៅពេលនេះ មានចំនួនច្រើនជាងឆ្នាំមុន ដោយសារតែឆ្នាំមុនប្រជាពលរដ្ឋមានការព្រួយបារម្ភពីជំងឺកូវីដ-១៩។ ដូច្នេះហើយទើបឆ្នាំនេះមានការធូស្រាលបន្តិច ទើបមានប្រជាពលរដ្ឋច្រើនមកពីគ្រប់ទិសទីទៅធ្វើពិធីកាត់ឆុង និងសុំសេចក្តីសុខសប្បាយទាំងអស់គ្នា។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំដែលឆុងនឹងឆ្នាំខាលនេះគឺ មានឆ្នាំ៥ មានដូចជា ឆ្នាំម្សាញ់ កុរ ចរ មមី និង ខាល។ ចំពោះឆ្នាំខាល ជាឆ្នាំដែលឆុងខ្លាំងជាងគេគឺ ឆ្នាំវក ដែលគេហៅថាឡាក់ឆុង ហើយឆ្នាំបន្ទាប់មកទៀតគឺ ឆ្នាំកុរ និងម្សាញ់។ ចំពោះតំណមឆ្នាំទាំង៥ដែលឆុងគឺ ទី១. មិនត្រូវចូលរួមក្នុងកម្មវិធីបុណ្យសពក្នុងពេលវេលាដែលបើកមុខសព(ត្រូវហាមដាច់ខាត) ទី២. សម្រាប់មួយឆ្នាំពេញក្នុងឆ្នាំ២០២២គឺ មិនត្រូវប្រើប្រាស់វត្ថុពណ៌ក្រហម ឬពណ៌លឿង ចំអង្សាទិស ២២៥-២៥៥ឡើយ ទី៣. ការសេពគប់ ឬទំនាក់ទំនងមនុស្សដែលមានឆ្នាំឆុងដូចគ្នា ត្រូវប្រយ័ត្នប្រយែង ដែលអាចនឹងកើតមានគ្រោះថ្នាក់ ឬហេតុការណ៍មិនល្អ គ្រោះធំ ស៊យធំ នឹងកើតឡើងដោយនឹកស្មានមិនដល់៕


អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង