×

រថយន្តទេសចរណ៍ ចាប់ផ្ដើម​ដង្ហែចូល​ខេត្ត​កំពត​ជាបណ្តើរៗ ក្នុង​ឱកាស​ពិធីចូលឆ្នាំចិន​នេះ

កំពត៖ ក្នុងពីធីចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម មន្ត្រីជំនាញបានសង្កេតឃើញថា ក្រុងកំពតនៅមានសភាពស្ងប់ស្ងាត់ប្លែកខុសពីធម្មតា ដោយសារពលរដ្ឋក្នុងក្រុងកំពតភាគច្រើនដែលជាប់សែស្រឡាយចិននាំគ្នាចូលរួមប្រារព្ធ និងធ្វើកម្មវិធីផ្សេងៗនៅផ្ទះ។ ទើបតែនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលត្រូវជាថ្ងៃទី១ នៃពិធីបុណ្យចូលថ្មី ទើបមានភ្ញៀវទេសចរមកពីបណ្តាខេត្តនានា ធ្វើដំណើរមកកម្សាន្តជាបណ្តើរៗ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា រយៈពេលពីរថ្ងៃកន្លងមកនេះ ក្រុងកំពតមានសភាពស្ងប់ស្ងាត់ប្លែក ដោយសារតែប្រជាពលរដ្ឋដែលជាប់សែស្រឡាយចិន-វៀតណាម បានរៀបចំធ្វើពិធីបួងសួងសែនព្រេនផ្សេងៗ នៅក្នុងគេហដ្ឋានរបស់ខ្លួន និងមានការទទួលទានអាហារជួបជុំញាតិមិត្តជិតឆ្ងាយ ពិសេសពលរដ្ឋលក់ដូរម្ហូបអាហារតូចតាចនៅតាមផ្ទះ និងតាមដងផ្លូវ ភាគច្រើនក៏បានបិទកន្លែងឈប់សម្រាកដែរ។

ដោយឡែកសម្រាប់ទេសចរមកពីបណ្តាខេត្តផ្សេងៗ ទើបតែសង្កេតឃើញថា ធ្វើដំណើរដល់បណ្តើរៗនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ក្នុងនោះមួយចំនួនទៅលេងផ្ទះសាច់ញាតិបងប្អូន និងមួយចំនួនទៀតទៅកម្សាន្តនៅតាមរមណីយដ្ឋានតែម្តង។ លំហូរភ្ញៀវទេសចរមិនទាន់ច្រើនទេ ដោយសារថ្ងៃមួយកើតអ្នកជាប់សែស្រឡាយចិន គេមិនធ្វើដំណើរចេញក្រៅផ្ទះនោះទេ។ សម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ អាចនឹងមានភ្ញៀវដើរកម្សាន្តតិចជាងឆ្នាំមុនៗ ដោយសារឆ្នាំនេះ ពិធីចូលឆ្នាំចំថ្ងៃធ្វើការ ប៉ុន្តែនៅតែរំពឹងថា ភ្ញៀវអាចនឹងទៅលេងច្រើនខ្លាំង នៅថ្ងៃចុងសប្តាហ៍នេះវិញ។

សូមបញ្ជាក់ថា ខេត្តកំពត រៀងរាល់ពិធីបុណ្យទានធំៗតែងតែមានភ្ញៀវទៅកម្សាន្តច្រើន ដោយសារខេត្ត មានរមណីយដ្ឋានច្រើនសម្បូរបែប សេវាកម្មល្អ តម្លៃសមរម្យ ពិសេសផ្លូវធ្វើដំណើរងាយស្រួល នៅជិតភ្នំពេញ អាចបង្ហួសទៅលេងខេត្តកែប ហើយអាចវិលល្ងាចវិញបាន។ ម្យ៉ាងវិញទៀត ក្នុងពីធីចូលឆ្នាំចិននេះ ទោះមិនទាន់មានភ្ញៀវសម្រុកច្រើនក៏ពិតមែន ប៉ុន្តែកម្លាំងរបស់ស្នងការដ្ឋាន និងកងរាជអាវុទ្ធហត្ថបានត្រៀមលក្ខណៈការពារសន្តិសុខ សណ្តាប់ធ្នាប់ទាំងនៅតាមទីប្រជុំជន ផ្សារ និងត្រង់ចំណុចងាយបណ្តាលឱ្យកកស្ទះចរាចរណ៍រួមជាស្រេច៕

អត្ថបទ៖ វង្ស សុធារម្យ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង