អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងកាលពីថ្ងៃអង្គារ ទី១ ខែកុម្ភៈ ថា វីរុសអូមីក្រុងបំប្លែងខ្លួនថ្មី BA.2 ដែលការសិក្សាខ្លះបង្ហាញថាអាចឆ្លងលឿនជាងវីរុសអូមីក្រុងដើម ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ៥៧ ។
វីរុសអូមីក្រុងដើម ដែលរីករាលដាលយ៉ាងឆាប់រហ័ស និងបំប្លែងខ្លួនយ៉ាងលឿន បានឆ្លងនៅទូទាំងពិភពលោក ចាប់តាំងពីវាត្រូវបានរកឃើញជាលើកដំបូង នៅប្រទេសអាហ្វ្រិកខាងត្បូងកាលពី ១០សប្តាហ៍មុន។
អង្គការសុខភាពពិភពលោក បាននិយាយថា វីរុសអូមីក្រុង បានបំប្លែងខ្លួនថ្មីជាច្រើន រួមមាន៖ BA.1, BA.1.1, BA.2 និង BA.3 ។
WHO បាននិយាយថា មានការកើនឡើងនៅក្នុងករណីដែលពាក់ព័ន្ធនឹង BA.2 ។ ការសិក្សាថ្មីៗជាច្រើន បានបង្ហាញថា BA.2 គឺឆ្លងលឿនជាង អូមីក្រុងដើម។ លោកស្រី Maria Van Kerkhove ដែលជាអ្នកជំនាញកំពូលម្នាក់របស់ WHO លើកូវីដ១៩ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ព័ត៌មានអំពីវីរុសអូមីក្រុង BA.2 មានកម្រិតខ្លាំងណាស់ ប៉ុន្តែទិន្នន័យដំបូងមួយចំនួនបានបង្ហាញថា BA.2 មានការកើនឡើងបន្តិចនៃអត្រាកំណើនធៀបនឹង BA.1 ។
ជាទូទៅ វីរុសអូមីក្រុង បង្កឱ្យអ្នកជំងឺមានរោគសញ្ញាស្រាលជាងវីរុសមេរោគមុនៗ ដូចជា ដែលតា ជាដើម។ លោកស្រី Van Kerkhove បាននិយាយថា រហូតមកដល់ពេលនេះមិនមាន ការចង្អុលបង្ហាញថាមានការផ្លាស់ប្តូរនៃភាពធ្ងន់ធ្ងរ សម្រាប់វីរុសអូមីក្រុងបំប្លែងខ្លួនថ្មី BA.2 ទេ៕