ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា កម្មវិធី (APP) មួយ ទាក់ទិននឹងការដកពិន្ទុអ្នកប្រើប្រាស់ផ្លូវដែលល្មើសនឹងច្បាប់ចរាចរណ៍ ត្រូវបានអភិវឌ្ឍចប់សព្វគ្រប់ ហើយនឹងចាប់ផ្ដើមអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ
ដែលប្រើប្រាស់ទោចក្រយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃពុធ ទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ
លោកទេសរដ្ឋមន្ត្រី បានបន្តថា ក្រសួងបានទិញម៉ាស៊ីនសម្រាប់ស្កេន ៥០គ្រឿងសាកល្បង និងបន្តទិញ ២៥០គ្រឿងទៀត ដើម្បីផ្ដល់ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្ត App ដកពិន្ទុអ្នកបើកបរល្មើសច្បាប់។
ជាមួយនឹង App ថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា នៅពេលប៉ូលិសចាប់រថយន្ត ពួកគាត់នឹងស្នើសុំយកបណ្ណបើកបរ ដើម្បីស្កេនជាមួយម៉ាស៊ីន ហើយព័ត៌មានទាំងអស់របស់បណ្ណបើកបរ ក្នុងករណីបណ្ណបើកបរក្លែងក្លាយនឹងអាចដឹងភ្លាមៗ ព្រមទាំងចំនួនពិន្ទុ (១២ពិន្ទុពេញ) នៅសល់ នឹងត្រូវបង្ហាញផងដែរ។
លោកទេសរដ្ឋមន្ត្រីបានលើកយកករណីមួយចំនួនមកបង្ហាញថា នៅពេលអ្នកបើកបរអត់ពាក់ខ្សែក្រវាត់ ប៉ូលិសនឹងចុចត្រង់អត់ពាក់ខ្សែក្រវាត់១ ឬបើកលើសល្បឿនកំណត់ ចុច១ទៀត។ នៅពេលចុចហើយ System នឹងចេញការផាកពិន័យជាប្រាក់ និងកាត់ពិន្ទុពីបណ្ណបើកបរ រួចម៉ាស៊ីននឹងចេញក្រដាសវិក្កយបត្រភ្លាមៗ ដើម្បីឱ្យអ្នកល្មើសច្បាប់យកទៅបង់ពន្ធជូនរដ្ឋ។ នៅពេលការដករហូតដល់អស់ពិន្ទុ អ្នកបើកបរ ត្រូវប្រឡងយកបណ្ណបើកបរឡើងវិញ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា App នឹងជួយគ្រប់គ្រងការប្រើប្រាស់ផ្លូវថ្នល់ឱ្យបានត្រឹមត្រូវ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា៕