×

មានអត្ថប្រយោជន៍ណាស់! ប្រទាលកន្ទុយក្រពើ​មាន​ប្រយោជន៍​ច្រើន លើស​ពី​ការគិត

សុខភាព៖ គ្នាយើងដឹងហើយថា ប្រទាលកន្ទុយក្រពើមានប្រសិទ្ធភាពក្នុងការព្យាបាលបាន។ ប្រទាលកន្ទុយក្រពើមានជាតិទឹក ៩៩% ហើយភាគច្រើនយើងតែងឮថា ប្រទាលកន្ទុយក្រពើអាចព្យាបាលការរលាកស្បែកដោយកម្ដៅថ្ងៃបាន ប៉ុន្តែតាមពិតទៅប្រទាលកន្ទុយក្រពើមានប្រយោជន៍ច្រើនជាងនេះទៅទៀត។

១. ព្យាបាលរបួស
ប្រទាលកន្ទុយក្រពើ មានប្រសិទ្ធភាពក្នុងការព្យាបាលទៅលើការខូចខាតស្បែកច្រើនប្រភេទដូចជាការមុតនឹងរបស់អ្វីមួយជាដើម។ ប្រទាលកន្ទុយក្រពើអាចបង្កើនការលូតលាស់កោសិកាស្បែកថ្មី និងពន្លឿនការផលិតកោសិកាឡើងវិញដែរ។ យើងអាចយកមកប្រទាលកន្ទុយក្រពើមកបិទលើមុខរបួសបាន។

២. ព្យាបាលរលាក
ប្រទាលកន្ទុយក្រពើត្រូវបានប្រើសម្រាប់ព្យាបាលការរលាកតិចតួចតាំងយូរណាស់មកហើយព្រោះវាមានប្រសិទ្ធភាពបញ្ចុះកម្ដៅ កាត់បន្ថយការរលាក និងផលិតកោសិកាស្បែកឡើងវិញ។ យើងអាចកោសយកជែលមកលាបលើកន្លែងរលាកតែម្ដងក៏បាន។

៣. ព្យាបាលពេលសត្វល្អិតទិច ឬខាំ
ពេលសត្វល្អិតទិច ឬខាំអាចនឹងរមាស់ ព្រោះទឹកមាត់សត្វល្អិតមានផ្ទុកជាតិពុល និងសារធាតុបង្កអាលែកហ្សីដែលអាចបណ្ដាលឲ្យរមាស់ ហើម ឬរលាកក្នុងកម្រិតផ្សេងៗ។ ប្រទាលកន្ទុយក្រពើមានប្រសិទ្ធភាពធ្វើឲ្យត្រជាក់ បំបាត់ការឈឺចាប់ រមាស់ និងការរលាកបាន។ យើងអាចប្រើជែលប្រទាលកន្ទុយក្រពើទៅលើកន្លែងរលាកដោយផ្ទាល់។

៤. កំចាត់កោសិកាងាប់
យើងអាចធ្វើប្រដាប់ខាត់ស្បែកជាមួយប្រទាលកន្ទុយក្រពើបាន។ ប្រដាប់ខាត់នេះអាចជួយឲ្យស្បែកស្អាត និងជួយកម្ចាត់កោសិកាស្បែកងាប់។ ម៉្យាងទៀតគ្នាយើងដែលមានស្បែកមុខងាយប្រតិកម្មអាចប្រើវិធីនេះបាន។ របៀបធ្វើប្រដាប់ខាត់ជាមួយនឹងប្រទាលកន្ទុយក្រពើដោយលាយជែលប្រទាលកន្ទុយក្រពើ ២ស្លាបព្រាកាហ្វេ ស្ករត្នោត ២ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ រួចយកមកលាបលើស្បែក និងលាងសម្អាតចេញ។

៥. បង្ការ និងព្យាបាលមុន
ប្រទាលកន្ទុយក្រពើអាចជួសជុលកោសិកាស្បែក និងអាចប្រឆាំងនឹងផ្សិត ឬបាក់តេរីបាន។ ទាំងអស់នេះអាចបង្ការ និងព្យាបាលបញ្ហាមុន និងបញ្ហាស្បែក rosacea (សរសៃឈាមលើផ្ទៃរីកធំធ្វើឲ្យស្បែកមុខឡើងក្រហម )។ ក្រៅពីនេះ ប្រទាលកន្ទុយក្រពើក៏មានប្រសិទ្ធភាពក្នុងការព្យាបាលស្នាមជាំ ស្នាមមុន និងការខូចខាតស្បែកដែរ។ យើងអាចយកជែលប្រទាលកន្ទុយក្រពើមកលាបលើកន្លែងមានបញ្ហាស្បែកទាំងនេះ៕

ប្រភព៖ www.hellokrupet.com

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង