×

ក្រសួង​ធនធានទឹក អំពាវនាវ​ឱ្យ​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ នៅរដូវប្រាំង

ភ្នំពេញ៖ ក្រសួងធនធានទឹកក្រើនរំឭកថា បើទោះបីនៅក្នុងរដូវប្រាំង និងដើមរដូវវស្សា អាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។ អាស្រ័យហេតុនេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមឱ្យដឹងថា ក្នុងរដូវប្រាំង ចាប់ពីខែមេសា ដល់ខែឧសភា ធាតុអាកាសនឹងកើនកម្តៅជាបន្តបន្ទាប់។ ក្នុងនោះបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពមធ្យមអតិបរមាអាចនឹងកើនឡើងពី ៣៥-៣៨ អង្សាសេ។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពមធ្យមអតិបរមា អាចនឹងកើនឡើងពី ៣៤-៣៧ អង្សាសេ។ ដោយឡែក សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអតិបរមាអាចនឹងកើនឡើងពី ៣២-៣៥ អង្សាសេ។
ចំណែកក្នុងខែមេសា និងខែឧសភា កម្រិតសីតុណ្ហភាពអតិបរមា អាចនឹងកើនឡើងខ្ពស់បំផុតក្នុងរង្វង់ពី ៣៧-៣៩ អង្សាសេ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកបញ្ជាក់ថា សម្រាប់រដូវវស្សាឆ្នាំ២០២២ នៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែឧសភា និងតំបន់ខ្ពង់រាប អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី២ នៃខែឧសភា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង