×

ខេត្ត​ភាគខាងកើត​ថៃ ទទួល​ពាក្យ​បណ្ដឹង​ទាក់ទង​ករណី​គ្រឿងសមុទ្រ ត្រូវបាន​បំពុល​ដោយប្រេង

ថៃ៖ លោក Anan Nakniyom អភិបាលរងខេត្ត Rayong បាននិយាយថា មជ្ឈមណ្ឌលសម្រាប់ទទួលពាក្យបណ្ដឹងមួយ ដែលត្រូវបានបើកឱ្យដំណើរការនាពេលថ្មីៗនេះ បានទទួលពាក្យបណ្ដឹងជាង ប្រមាណ ៧០០ ចំពោះគ្រឿងសមុទ្រដែលត្រូវបានបំពុលដោយសារប្រេង។

សូមរំឭកថា ការធ្លាយប្រេងពីបំពង់បង្ហូរបាតសមុទ្រនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រពីឆ្នេរខេត្ត Rayong ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Star Petroleum Refining កាលពីថ្ងៃទី២៥ ខែមករា បានបង្កផលប៉ះពល់យ៉ាងខ្លាំងដល់បរិស្ថាន ដែលធ្វើឱ្យឆ្នេរសមុទ្រប្រែជាខ្មៅ។

យ៉ាងណា មន្ទីរសុខាភិបាលខេត្ត Rayong បានបញ្ជាក់ថា មិនមានសារធាតុពុលត្រូវបានរកឃើញនៅក្នុងអាហារសមុទ្រ ដែលលក់នៅក្នុងទីផ្សារខេត្តនោះទេ។ លោកវេជ្ជបណ្ឌិត Soonthorn Rianphoomkarnkit បាននិយាយថា មន្ត្រីបានធ្វើតេស្តអាហារសមុទ្រហើយ រកមិនឃើញមានជាតិប្រេងទេ។ លោកថា ខេត្តនឹងចាត់មន្ត្រី ចុះពិនិត្យម្ហូបអាហារជាប្រចាំដើម្បីសុវត្ថិភាពអ្នកទទួលទាន។

លោកបានព្រមានដល់អ្នកបរិភាគ ថា ប្រសិនបើប្រទះឃើញត្រីងាប់ និងគ្រឿងសមុទ្រមានប្រឡាក់ប្រេង ត្រូវជូនដំណឹងដល់អាជ្ញាធរ ដើម្បីពិនិត្យរកសារធាតុកខ្វក់ជាបន្ទាន់។ លោក បានជំរុញឱ្យប្រជាពលរដ្ឋកុំទទួលទានគ្រឿងសមុទ្រទាំងនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង