
តុក្កតា គឺជាអំណោយដ៏គួរឱ្យស្រឡាញ់ដែលប៉ាម៉ាក់ចូលចិត្តទិញឱ្យកូនតូច ឯកូនតូចៗ ក៏ចូលចិត្ត និងស្រឡាញ់តុក្កតាណាស់ដែរ។ ប៉ុន្តែការដាក់អាអូនគេងក្បែរតុក្កតា ឬការដាក់ តុក្កតាក្នុងអង្រឹងគេងរបស់អាចបង្កគ្រោះថ្នាក់ដល់កូន បើកូននៅវ័យតូចពេក។ តើការដាក់អាអូន គេងក្បែរតុក្កតា ឬការដាក់តុក្កតា ក្នុងអង្រឹងគេងរបស់អាអូន អាចបង្កគ្រោះថ្នាក់អ្វីខ្លះដល់អាអូន ហើយពេលណាទើបអាចឱ្យអាអូនគេងក្បែរ ឬឱបតុក្កតាបាន?

សមាគមន សុខ ភាព កុមារអាមេរិក AAP បានណែនាំថា ប៉ាម៉ាក់មិនត្រូវដាក់ប្រដាប់ប្រដាក្មេងលេងដូចជាតុក្កដា ចង្រ្កង់ជាដើម ឬរបស់របរមិនចាំបាច់ក្នុងអង្រឹង ឬកន្លែងគេងរបស់ទារកឡើយ ព្រោះអាចរារាំងដល់ការដកដង្ហើម របស់ទារកដរាបណាទារកមិនទាន់ដល់អាយុ ១២ខែ។
ប្រដាប់ប្រដាទាំងនេះ អាចបង្កើនហានិភ័យធ្វើឱ្យទារកថប់ដង្ហើម និងមានជំងឺស្លាប់ភ្លាមៗ (SIDS) ដែលជាមូលហេតុចម្បងនៃការស្លាប់របស់ទារកអាយុ ពី ១ខែដល់ ១ឆ្នាំ។
លើសពីនេះទៅទៀត ប្រដាប់ប្រដាទាំងនេះអាចប្រមូលផ្តុំធូលី ដែលអាចបណ្តាលឱ្យទារកមានបញ្ហាក្នុងការដកដង្ហើម ជាពិសេសទារកដែលមានជំងឺហឺត។

ហានិភ័យនៃជំងឺស្លាប់ភ្លាមៗរបស់ទារកនឹងធ្លាក់ចុះខ្លាំង នៅក្រោយពេលទារកមានអាយុ ១ឆ្នាំឡើង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបានណែនាំថា ប៉ាម៉ាក់ ត្រូវរង់ចាំយ៉ាងហោចណាស់ដល់ទារកមានអាយុ ២ឆ្នាំ ទើបអាចឱ្យកូនគេងជាមួយតុក្កតាបាន។
តុក្កតាមានប្រយោជន៍ដល់ការលូតលាស់របស់ក្មេងតូចៗដែលទើបនឹងចេះដើរតេះតះណាស់ ព្រោះអាអូននឹងមានដៃគូកំដរ។ ម្យ៉ាងទៀត ការគេងជាមួយ ឬគេង ឱបតុក្កតា អាច ជួយផ្តល់ភាពកក់ក្តៅ និងធ្វើឱ្យឆាប់គេងលក់ដោយសារក្មេងៗចូលចិត្ត តុក្កតា។
ប្រសិនបើប៉ាម៉ាក់ដាក់អាអូនគេងជាមួយតុក្កតា ប៉ាម៉ាក់គួរជ្រើសរើសតុក្កតាណាដែលគ្មានឡេវបូភ្នែក (មានគ្រាប់ភ្នែកលៀនចេញក្រៅ) ច្រមុះ (មានគ្រាប់ច្រមុះលៀនចេញក្រៅ) ឬមានវត្ថុតូចៗដែលអាចដោះបាន ដោយសារ ពេលអាយុ ២ខួប អាអូន ដុះធ្មេញហើយ និង អាចខាំរបស់តូចៗទាំងនេះដោយសារភាពរពឹស ឬរមាស់ធ្មេញ និងអាចបណ្តាលឱ្យអាអូនស្លាក់បាន ។
តុក្កតាដែលសក្តិសមសម្រាប់អាអូន គឺតុក្កតាដែលតូចល្មមសមនឹងមាឌ និងកម្ពស់របស់អាអូន ហើយមានទម្ងន់ស្រាលដែលកូន អាចលើកឱប ឬកាន់បានស្រួល ព្រោះបើធំពេក ក៏អាចបិទមុខ ឬច្រមុះកូនដែរ៕
ប្រភព៖ Hello Krupet