×

រដ្ឋាករទឹក ប្រាប់​ដល់​ពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ និង​ក្រុងតាខ្មៅ ឱ្យ​ជួយ​សន្សំសំចៃ​ទឹកស្អាត ដើម្បី​ជួយ​អ្នកនៅ​ជាយក្រុង

ភ្នំពេញ៖ ដោយពិនិត្យឃើញថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ២០២២ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអំពាវនាវដល់អតិថិជនទាំងអស់ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឱ្យជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុង។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំង ឆ្នាំ២០២២ ដែលទទួលបាននៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកែលម្អ និងសាងសង់រោងចក្រផលិតទឹកស្អាតថ្មី និងពង្រីកបណ្តាញចែកចាយថ្មីជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាល។

បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតសរុបចំនួន ៤ទីតាំង និងផលិតទឹកស្អាតបានជាមធ្យម ៦សែនម៉ែត្រគូប/ថ្ងៃ។ ក៏ប៉ុន្តែជាក់ស្តែង ដោយសារកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ ធ្វើឱ្យតម្រូវការទឹកស្អាតបានកើនឡើងខ្ពស់ជាងសមត្ថភាពផលិត ពោលគឺ តម្រូវការជាក់ស្តែងប្រមាណជា ៨សែនម៉ែត្រគូប/ថ្ងៃ ដែលធ្វើឱ្យមានកង្វះទឹកស្អាត សម្រាប់ចែកចាយក្នុងម៉ោងមានតម្រូវការទឹកខ្ពស់ ជាពិសេសខ្វះទឹកនៅតំបន់ជាយរាជធានីភ្នំពេញ និងជាយក្រុងតាខ្មៅ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅបាក់ខែង ដែលអាចផលិតទឹកស្អាតបានបន្ថែមប្រមាណ ៤សែនម៉ែត្រគូប/ថ្ងៃ ចាប់ពីដើមឆ្នាំ២០២៣ តទៅបន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់ ៦សែនម៉ែត្រគូប/ថ្ងៃ។ ដូច្នេះ ចាប់ពីឆ្នាំ២០២៣ តទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពអាចផលិតទឹកស្អាតបាន ១លានម៉ែត្រគូប/ថ្ងៃ ដើម្បីបិទបញ្ចប់បញ្ហាខ្វះទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល៧ឆ្នាំកន្លងមក(២០១៦-២០២៣)៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង