ហុងកុង៖ ក្នុងឆ្នាំ១៩៩៨ តារាសម្តែង Carina Lau និង Shu Qi មានឱកាសបានសម្តែងភាពយន្ត Love Generation Hong Kong រួមគ្នាដែលពេលនោះហើយការរាប់អានរបស់តារាស្រីទាំង២នេះបានចាប់ផ្តើមឡើង។
មានថ្ងៃមួយ Carina បានអញ្ជើញ Shu Qi ទៅលេងផ្ទះគាត់ ពេលនោះ Shu Qi បានចូលបន្ទប់ទឹកផ្ទាល់ខ្លួនរបស់ Carina ដោយសារនាងមិនដឹងថា តារាសម្តែងស្រីវ័យ ៥៦ឆ្នាំ Carina មានទម្លាប់មួយមិនឱ្យអ្នកណាប្រើប្រាស់បន្ទប់ទឹកឯកជនរបស់គាត់ឡើយ រួមទាំងស្វាមីរបស់គាត់គឺលោក Tony ផងដែរ។
ដោយសារតែមិនដឹងថា Carina មានទម្លាប់ចម្លែកបែបនេះ Shu Qi បានប្រើប្រាស់បន្ទប់ទឹករបស់ Carina ដោយអចេតនា។ ចាប់ពីពេលនោះមក ទំនាក់ទំនងរវាង Carina និង Shu Qi ត្រូវបានកាត់ផ្តាច់ ហើយភ្លាមៗនោះ Carina បានហៅជាងឱ្យតម្លើងសម្ភារក្នុងបន្ទប់ទឹកថ្មីឡើងវិញទាំងអស់។
រយៈពេលប៉ុន្មានឆ្នាំក្រោយមកទើប Carina បានសុំទោស Shu Qi ចំពោះរឿងមួយនេះក្នុងបទសម្ភាសន៍មួយដោយគាត់បានបញ្ជាក់ថា គាត់មិនចង់បែបនេះទេ ប៉ុន្តែវាជាទម្លាប់ចម្លែកមួយដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន។
មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែស្វាមីគាត់ក៏ត្រូវប្រកាន់ខ្ជាប់ការហាមឃាត់នេះដែរ ម្យ៉ាងទៀត មុនពេលអង្គុយលើសាឡុងគឺលោកត្រូវផ្លាស់ប្តូរសម្លៀកបំពាក់ជាមុនសិន ហើយប្រសិនមិនងូតទឹកទេ នោះមិនត្រូវបានអនុញ្ញាតឱ្យចូលគេងឡើយ។
គួរបញ្ជាក់ដែរថា សូម្បីតែពេលទៅថតកុនក៏ Carina ទាមទាររកបន្ទប់ទឹកឯកជនផងដែរ។ តារាស្រីរូបនេះ ក៏បានបន្ថែមទៀតថា គាត់ធ្លាប់មានបទពិសោធស្នាក់នៅសណ្ឋាគារមួយ ប៉ុន្តែបន្ទាប់ពីឃើញសក់មួយសរសៃនៅក្នុងបន្ទប់ទឹក គាត់បានហៅឱ្យអ្នកសម្អាតទៅដុសលាងម្តងទៀតជាដាច់ខាត៕