ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា មានករណីទារក អាយុ៧ខែម្នាក់ មកពីខេត្តតាកែវ មានជំងឺបេះដូងពីកំណើតដ៏កម្រ ដោយចំហបេះដូងថតលើ ថតក្រោម (VSD and ASD) សរសៃឈាមតភ្ជាប់សរសៃឈាមធំបេះដូងបិទមិនជិត (PDA) និងមានសរសៃឈាមកូរ៉ូណែរចិញ្ចឹមបេះដូងរីកធ្លាយចូលថតបេះដូងស្តាំ នាំឲ្យរីកបេះដូងយ៉ាងធ្ងន់ធ្ងរបំផុត។
ទោះយ៉ាងណា ក្រុមគ្រូពេទ្យឯកទេសកម្ពុជានៃមន្ទីរពេទ្យគន្ធបុប្ផា បានធ្វើការរោគវិនិច្ឆ័យបានត្រឹមត្រូវ និងបានធ្វើការវះកាត់ជួយសង្គ្រោះបេះដូងទារកតូចម្នាក់នេះដោយជោគជ័យ ហើយក្រោយទទួលការវះកាត់រួច ទារកតូចនេះ កំពុងមានសុខភាពល្អប្រសើរ។
មន្ទីរពេទ្យគន្ធបុប្ផា បញ្ជាក់ទៀតថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់កុមារគ្រប់ៗគ្នា ដោយគ្មានការរើសអើង ហើយរាល់ការបរិច្ចាគ ១ដុល្លាររបស់លោកអ្នក គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិត។ មន្ទីរពេទ្យ ក៏បានអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីសផងដែរ៕