ម៉ារ៉ុក៖ ក្មេងប្រុសជនជាតិម៉ារ៉ុកអាយុ ៥ឆ្នាំម្នាក់ ដែលជាប់ក្នុងអណ្តូងអស់រយៈពេល ៤ថ្ងៃ បានស្លាប់បាត់បង់ជីវិត បើទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះក៏ដោយ។
សេចក្តីថ្លែងការណ៍ផ្លូវការមួយបានប្រកាសពីការបាត់បង់ជីវិតរបស់កុមារខាងលើ បន្ទាប់ពីការជួយសង្គ្រោះចេញពីក្នុងអណ្តូង។
ប្រតិបត្តិការជួយសង្គ្រោះក្មេងប្រុសដែលមានឈ្មោះថា Rayan បានបង្កភាពល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ដោយមានមនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅទីតាំងអណ្តូងដែលតូចចង្អៀត។
ក្មេងប្រុសនេះ បានធ្លាក់ចុះក្រោម ៣២ម៉ែត្រ តាមរយៈរន្ធតូចចង្អៀតរបស់អណ្តូង។ ការ ជួយ សង្គ្រោះ មានការលំបាកដែលតម្រូវឱ្យប្រើប្រាស់គ្រឿងចក្រដើម្បីជីកកាយ។ ទីបំផុត ក្រុមអ្នកជួយសង្គ្រោះ បានត្រឹមយកសពក្មេងប្រុសចេញពីអណ្តូង កាលពីល្ងាចថ្ងៃសៅរ៍។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មហាជន បានបង្ហាញ ការ សោកស្ដាយ នៅ ពេល សេចក្តីថ្លែងការណ៍ បាន មក ប្រកាស ថា Rayan បាន ស្លាប់។ សេចក្តីថ្លែងការណ៍ ថា “បន្ទាប់ពីឧបទ្ទវហេតុសោកនាដកម្មដែលបង្កឱ្យបាត់បង់ជីវិតរបស់កុមារ Rayan Oram ព្រះមហាក្សត្រ Mohammed VI បានកោះហៅឪពុកម្តាយរបស់ក្មេងប្រុសដែលបានស្លាប់បន្ទាប់ពីធ្លាក់ចូលក្នុងអណ្តូង”។
ឪពុក របស់ Rayan បាននិយាយថា គាត់កំពុង ជួសជុល អណ្ដូង នៅ ពេល កូនរបស់គាត់ បានធ្លាក់ចូលអណ្ដូង កាលពី ថ្ងៃ អង្គារ។ Rayan បានធ្លាក់ក្នុង កាលពីល្ងាចថ្ងៃអង្គារ នៅក្នុងភូមិកំណើតរបស់គាត់ ក្នុងខេត្ត Chefchaouen ។ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានទម្លាក់អុកស៊ីសែន និងទឹកតាមបំពង់ សម្រាប់កុមារដែលជាប់នៅក្នុងអណ្ដូងអំឡុងពេលប្រតិបត្តិការផងដែរ៕