
ក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មាសដែលយើងផលិតនៅភាគឦសាន ពោលគឺខេត្តមណ្ឌលគីរី ក្នុងរយៈពេល៦ខែមកនេះ ផលិតបាន ១ពាន់ ៧រយ ៥១គីឡូក្រាម។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “ក្នុងមាស ១ពាន់ ៧រយ ៥១គីឡូដែលយើងផលិតបាន មិនទាន់បានធ្វើឱ្យបានមាសទឹកដប់នៅឡើយទេ គឺត្រូវដឹកទៅប្រទេសអូស្រ្តាលីបន្តទៀត ដើម្បីធ្វើឱ្យក្លាយជាមាសទឹកដប់”។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្ពោធកំណាត់ផ្លូវជាតិលេខ ៧ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ “គោលបំណងខ្ញុំ ប៉ូលសេដ្ឋកិច្ចទី៤ គឺភាគឦសានប្រទេសកម្ពុជា ដែលផ្តោតលើកសិឧស្សាហកម្ម និងធនធានរ៉ែ”។
សូមរំឭថា កម្ពុជា បានប្រកាសពីលទ្ធភាពអាចផលិតមាសសុទ្ធ បាន៣ តោន ក្នុង ១ឆ្នាំ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ បានប្រកាសពីជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ៕
