អាមេរិក៖ អំឡុងឆ្នាំ២០១៥ តារា TikTok បច្ចុប្បន្នវ័យ ៣០ឆ្នាំ Colleen Le បានស្គាល់គ្នាជាមួយបុរសម្នាក់តាមរយៈមិត្តភក្តិ ដែលលោកជាមនុស្សមានជំងឺក្រលៀនរ៉ាំរ៉ៃតាំងពីវ័យ ១៧ឆ្នាំម្ល៉េះ។ បន្ទាប់ពីរាប់អានគ្នាមក Le បានយល់ព្រមបរិច្ចាគក្រលៀនម្ចាងឱ្យអតីតមិត្តប្រុសនាង ដែលការវះកាត់បានធ្វើឡើងកាលពីអំឡុងខែឧសភា ឆ្នាំ២០១៦ ដោយការវះកាត់ទទួលបានយ៉ាងជោគជ័យ ហើយនាង ក៏ទទួលបានបណ្ណសរសើរពីមន្ទីរពេទ្យអរគុណចំពោះទឹកចិត្តដែលមិនអាចកាត់ថ្លៃនេះបានផងដែរ។
ទោះជាយ៉ាងណា រយៈពេល៧ខែក្រោយមក អតីតមិត្តប្រុសរបស់ Le បានទៅវិស្សមកាលជបលៀងពិធីទទួលសញ្ញាបត្រជាមួយមិត្តភក្តិ ពេលត្រលប់មកវិញលោកបានសារភាពប្រាប់នាងត្រង់ៗថា លោកបានលួចផិតក្បត់នាងអំលុងពេលធ្វើដំណើរកម្សាន្ត។ ទោះបីជាទទួលរងនូវភាពឈឺចាប់នៃអារម្មណ៍ដែលត្រូវគេផិតក្បត់យ៉ាងណាក៏ដោយ ប៉ុន្តែទីបំផុត Le ក៏បានសម្រេចចិត្តបើកចិត្តផ្តល់ឱកាសឱ្យមនុស្សដែលខ្លួនស្រលាញ់ម្តងទៀត។
យ៉ាងណាមិញ ទំនាក់ទំនងរបស់អ្នកទាំង២កាន់តែយ៉ាប់យឺនពីមួយថ្ងៃទៅមួយថ្ងៃរហូត ៣ខែក្រោយអ្នកទាំង២បានឈ្លោះគ្នាជាខ្លាំងតាមទូរសព្ទ រហូតខាងប្រុសបានបោះពាក្យសម្តីយ៉ាងខ្លីឱ្យនាងថា “ប្រសិនជាព្រះចង់ឱ្យយើងនៅជាមួយគ្នាមែន ទីបញ្ចប់យើងគង់តែអាចត្រលប់មកត្រូវរ៉ូវគ្នាវិញមិនខាន”ចាប់តាំងពីថ្ងៃនោះមក អតីតមិត្តប្រុសរបស់នាងក៏លែងខល លែងផ្ញើសារឱ្យនាងទាំងអស់។
សម្រាប់ Le វិញបានបង្ហាញអារម្មណ៍របស់ខ្លួនថា ប្រសិនបើសួរនាងថា នាងស្តាយក្រោយទេ? នាងបានឆ្លើយថា នាងមិនស្តាយក្រោយឡើយ ប្រសិនជាពេលវេលាអាចត្រលប់ទៅពីមុនម្តងទៀត នាងនៅតែធ្វើបែបនេះដដែល ម៉្យាងទៀតអ្វីដែលបានធ្វើហើយគឺត្រូវបានបញ្ចប់ ហើយនាងក៏នឹងមិនបង្ហាញអត្តសញ្ញាណអតីតមិត្តប្រុសនាងជាសាធារណៈដែរ ព្រោះនាងដឹងពីឥទ្ធិពលនៃបណ្តាញសង្គមថាវាខ្លាំងប៉ុណ្ណា។
Le បានបន្ថែមថា នាងបានឮមិត្តភក្តិរបស់នាងនិយាយថា ពេលនេះអតីតមិត្តប្រុសរបស់នាងបានរៀបការហើយ ដូចនេះអ្វីដែលនាងអាចធ្វើបានគឺមានតែពាក្យជូនពរលោកតែប៉ុណ្ណោះ៕