សៀមរាប៖ ព្រះពុទ្ធបដិមា ចំនួន៣អង្គបន្ថែមទៀត ត្រូវបានជួសជុលដោយមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា នៅរួតបាកាណនៃប្រាសាទអង្គរវត្ត ខណៈព្រះពុទ្ធបដិមាមួយអង្គ ត្រូវបានធ្វើការជួសជុលរួចរាល់នាពេលកន្លងទៅ។
លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំណើរការជួសជុលព្រះពុទ្ធបដិមាគឺនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ គ្រោងនឹងប្រើប្រាស់ពេលវេលាជួសជុលចំនួន៥ខែ។
លោកបានបញ្ជាក់អំពីមូលហេតុ ដែលនាំឱ្យព្រះពុទ្ធបដិមានៅរួតបាកាណរងការខូចខាតទ្រុឌទ្រោម ដោយសារកត្តាធម្មជាតិ ទីកន្លែងមានជ្រាបទឹក ទឹកហូរច្រោះ មានទឹកនោម និងលាមកសត្វប្រចៀវច្រើន ដូច្នេះក្រុមការងារធ្វើការរើសំណាញ់ចាស់ចោល ដើម្បីជំនួសនូវសំណាញ់ថ្មី ដែលសង្ឃឹមថា ប្រចៀវនឹងមិនអាចចូលទៅទុំនៅទីតាំងខាងលើបានទៀតឡើយ៕