×

WHO កំពុង​តាមដាន​វីរុស​អូមីក្រុង​បំប្លែង ៣ ប្រភេទ

វីរុសអូមីក្រុង ជាវីរុសបំប្លែងចុងក្រោយបង្អស់របស់វីរុសកូវីដ-១៩ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសមួយចំនួនលើពិភពលោកបូករួមទាំងខ្មែរយើងដែរ។ អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានឱ្យដឹងថា វីរុសអូមីក្រុង អាចជាវីរុសបំប្លែងកូនពៅគេដែលនឹងរាលដាលក្នុងតំបន់មួយចំនួនប៉ុណ្ណោះ ប៉ុន្តែវីរុសអូមីក្រុងបំប្លែងចេញជាវីរុសប្រភេទផ្សេងៗទៀត ដែលអង្គការសុខភាពពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Ghebreyesus បាននិយាយកាលពីថ្ងៃទី៣ ខែកុម្ភៈ នេះថា បច្ចុប្បន្ន អ្នកជំនាញកំពុងត្រួតពិនិត្យលើវីរុសប្រភេទបំប្លែងដទៃបន្ថែមទៀតតាមកាលបរិច្ឆេទកំណត់។ ជាពិសេស អង្គការសុខភាពពិភពលោក កំពុងតាមដានបម្រែបម្រួលវីរុសអូមីក្រុងបំប្លែងប្រភេទ BA.1.1, BA.2 និង BA.3 ។
ទន្ទឹមនឹងនេះ លោកស្រី Maria Van Kerhove អ្នកដឹកនាំបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ក៏បានបន្ថែមថា ក្រុមអ្នកជំនាញនៅមិនទាន់ដឹងច្រើនពីវីរុសអូមីក្រុងនេះ និងអនាគតរបស់វានៅឡើយទេ។ អ្វីដែលអ្នកជំនាញដឹងនោះគឺត្រឹមតែថាវីរុសនេះ អាចរាលដាលបានយ៉ាងឆាប់រហ័ស និងមិនបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរក្រោយឆ្លង សម្រាប់អ្នកដែលចាក់វ៉ាក់សាំងរួច ប៉ុន្តែអាចប៉ះពាល់សុខភាពខ្លាំងចំពោះមនុស្សចាស់ដែលឆ្លង ដោយការប្រឈមនឹងជំងឺរលាកសួតស្រួចស្រាល់។

សព្វថ្ងៃនេះ វីរុសអូមីក្រុងបំប្លែង ២ ប្រភេទ ត្រូវបានរាយការណ៍ថា កំពុងរីករាលដាលក្នុងប្រទេសមួយចំនួនលើពិភពលោកដោយបង្កើនការព្រួយបារម្ភចំពោះការឆ្លងលើក្រុមមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង ឬក្រុមមនុស្សដែលងាយទទួលផលប៉ះពាល់ក្រោយឆ្លងដូចជាមនុស្សចាស់ជាដើម។
ប្រទេសដាណឺម៉ាក ចក្រភពអង់គ្លេស សិង្ហបុរី និងឥណ្ឌា ជាប្រទេសដែលបានឃើញថាមានការកើនឡើងនៃចំនួនករណីវិជ្ជមានទាក់ទងនឹងប្រភេទវីរុសអូមីក្រុងបំប្លែង BA.2 និង BA.3៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង