ក្រចេះ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំឭកអំពីគម្រោងដែលរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ត្រូវជួយសាងសង់កំណាត់ផ្លូវជាតិលេខ៧ ដែលតភ្ជាប់ពីឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ឡាវ ត្រពាំងក្រៀល ស្ថិតនៅស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។
ការថ្លែងបែបនេះធ្វើឡើងនាឱកាសដែលសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ឆ្ពោះទៅកាន់ភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា បន្ទាប់ពីបញ្ចប់រួចរាល់នូវការសាងសង់កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះទៅដល់ភូមិរមាត ដែលមានប្រវែងប្រមាណ៩៣.៥៦គីឡូម៉ែត្រនេះហើយ មិត្តចិននៅមានកាតព្វកិច្ចសាងសង់កំណាត់ផ្លូវជាតិលេខ៧នេះបន្តទៀត គឺចាប់ពីចំណុចភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជាឡាវ ត្រពាំងក្រៀល ស្ថិតនៅស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ដើម្បីពង្រីកទំហំ និងពង្រឹងគុណភាពឱ្យបានប្រសើរឡើង។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ “ចិននៅមានកាតព្វកិច្ច២ទៀត៖ ទីមួយ. គឺត្រូវធ្វើផ្លូវតពីផ្លូវជាតិលេខ៧ទៅទល់ព្រំដែនឡាវ ដើម្បីពង្រីកទំហំ និងពង្រឹងគុណភាពបន្ថែមទៀត ដែលការងារនេះមានគម្រោងរួចហើយ, ទីពីរ. នៅឆ្នាំ២០២៣ បើកការដ្ឋានសាងសង់ស្ពានឆ្លងនៅទីរួមខេត្តក្រចេះ ដើម្បីភ្ជាប់ទៅទឹកដីខេត្តកំពង់ធំ”៕