ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន បើកវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធគ្រប់គ្រងពិន័យអំពើល្មើសច្បាប់ កាលពីថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីចរាចរណ៍ផ្លូវគោកនិងការដកពិន្ទុបណ្ណបើកបរ ស្ថិតក្រោមអធិបតីភាពលោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការរង នៃគណៈកម្មការជាតិចរាចរណ៍ផ្លូវគោក និងនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ។
វគ្គបណ្តុះបណ្តាលនាព្រឹកនេះ មានការចូលរួមពីប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងមន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភំ្នពេញ, មន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល, មន្រ្តីនគរបាលចរាចរណ៍នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងគ្រូឧទ្ទេសនាមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកអគ្គស្នងការរងនគរបាលជាតិ បានសង្កត់ធ្ងន់ថា គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងពិន័យ អំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនិងការដកពិន្ទុកបណ្ណបើកបរ មាន៣ចំណុច៖ ទី១-បង្កើនសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍ទៅលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី លើការគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, ទី២-បង្ហាញនូវនីតិវិធីប្រតិបត្តិការប្រព័ន្ធ និងការប្រើប្រាស់ឧបករណ៍ពិន័យអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងទី៣-វិធីគ្រប់គ្រងព័ត៌មាន និងការរក្សាទុកទិន្នន័យនៃការពិន័យ។
លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា វគ្គសិក្សានេះ គឺជាវគ្គដំបូង ដែលរៀនអំពីឧបករណ៍ប្រើដោយបច្ចេកវិទ្យា។ ដូច្នេះសកិ្ខកាមត្រូវតែចេះបច្ចេកទេសច្បាស់លាស់ក្នុងការប្រើប្រាស់ឧបករណ៍ទាំងនេះ មិនអាចចេះស្ទើរៗបានទេ ពីព្រោះយើងដឹងហើយថា ការប្រើឧបករណ៍បច្ចេកទេស កាលណាយើងបញ្ចូលទិន្នន័យនេះខុស វាក៏ឱ្យលទ្ធផលមកយើងវិញខុសដែរ ។ ដូច្នេះហើយទាមទារឱ្យសិក្ខាកាមទាំងអស់ចេះស្ទាត់ជំនាញ ដើម្បីឱ្យក្លាយជាគ្រូបង្គោលក្នុងការយកទៅបង្ហាត់បង្រៀនដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនីមួយៗបន្តទៀត៕