កម្សាន្ត៖ ក្រោយឆ្លងកាត់ព្យុះភ្លៀងថាជាជនទី៣ កាលពីមួយរយៈមុនរួចមកពេលនេះលោក ប៊ុន ផាក បានផុសរូបជាមួយនឹងម្ចាស់ហាងលក់សម្លៀកបំពាក់វ័យ ៣០ឆ្នាំឈ្មោះ ស៊ាន ធារី ជាផ្លូវការដោយលោកបានសរសេរថា “ការណាត់ជួបជាផ្លូវការជាមួយគាត់”។
គួររំឮកថា កាលពីអំលុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ រឿងរ៉ាវចម្រូងចម្រាសរវាងលោក ជា ចាន់តុលា អ្នកនាង ស៊ាន ធារី និងលោក ប៊ុន ផាក ដែលគ្រប់គ្នាតែងហៅថាគ្រូជោគជ័យ បានផ្ទុះឡើងក្រោយលោក ជា ចាន់តុលា បានផុសក្នុងបណ្តាញសង្គមហ្វេសបុកបង្ហាញភាពឈឺចាប់ត្បិតមនុស្សស្រីដែលលោកស្រលាញ់ខ្លាំងបែរមានទំនាក់ទំនងជាមួយនឹងអ្នកផ្សេង និងសុំលោកបែកគ្នាទៅវិញ។
ជា ចាន់តុលា និងស៊ាន ធារី បានរស់នៅក្រោមដំបូលផ្ទះតែមួយ និងចាប់ផ្តើមជួយគ្នាក្នុងមុខរបររកស៊ីរយៈពេល៥ឆ្នាំ តែចុងក្រោយបែរត្រូវបញ្ចប់ទៅទាំងគ្មានន័យ។ បន្ទាប់ពីកាត់ផ្តាច់ស្នេហ៍ដែលបានរួមសុខទុក្ខជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះ ជា ចាន់តុលា និងស៊ាន ធារី បានមានបញ្ហាជាមួយទ្រព្យសម្បត្តិរួមបែងចែកមិនដាច់ ទោះជាយ៉ាងណាក៏អ្នកទាំង២បានរកផ្លូវបញ្ចប់ទៅដោយសន្តិវិធី និងដោះស្រាយដាច់ស្រេចហើយដែរ។
រយៈពេល២ខែបានកន្លងផុតទៅ លោក ប៊ុន ផាក ដែលត្រូវអ្នកនិយមលេងបណ្តាញសង្គមតិះដៀលមិនសំចៃមាត់ថាជាជនទី៣ ពេលនេះបានផុសរូបជាមួយនឹងគូស្នេហ៍ ស៊ាន ធារី ជាផ្លូវការនៅលើគណនីហ្វេសបុករបស់លោកផ្ទាល់ ពីការញ៉ាំអាហារយ៉ាងរ៉ូមែនទិក ចំណែកឯខាងស្រីក៏បានបង្ហាញភាពផ្អែមល្ហែមសរសើរពីភាពសង្ហារបស់គូស្នេហ៍ថ្មីមិនដាច់ពីមាត់ផងដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់ផុសមួយនេះក៏មានអ្នកជូនពរ និងសរសើរថាអ្នកទាំង២មានភាពផ្អែមល្ហែមនឹងគ្នាខ្លាំង ប៉ុន្តែក្នុងនោះក៏មានអ្នកដែលរិះគន់មិនពេញចិត្តទន្ទឹមគ្នាផងដែរ៕