×

ភ្ញៀវទេសចរថៃ​រាប់រយនាក់​ជាប់គាំង​នៅលើ​ភ្នំល្អាងនាគ ដែល​ទៅ​បន់ស្រន់​សុំលេខឆ្នោត

ថៃ៖ ភ្ញៀវទេសចរថៃ រាប់រយនាក់បានជាប់គាំងនៅលើភ្នំ បន្ទាប់ពីបានទៅទស្សនាល្អាងនាគ នៅឧទ្យានជាតិភូឡាងកា (Phu Langka) ក្នុងខេត្តបឹងកាន (Bueng Kan) កាលពីថ្ងៃសប្ដាហ៍មុន។ ល្អាងនេះ ត្រូវបានគេស្គាល់តាមរយៈ សិលាយក្ស មានរាងដូចនាគ។ ប្រជាជនថៃ មានជំនឿថា ទីនេះជាកន្លែងដ៏ពិសិដ្ឋ ដើម្បីបន់ស្រន់សុំឱ្យសំណាងល្អ ជាពិសេសសុំលេខឆ្នោត។

នៅថ្ងៃសៅរ៍ទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាជនថៃជាច្រើនបានទៅលេងល្អាងនាគ។ ភ្ញៀវច្រើនលើសចំនួនកំណត់ បានបង្កការកកស្ទះនៅលើភ្នំ មិនអាចចុះមកវិញបាន ខណៈភ្ញៀវទេសចរខ្លះ បានប្តឹងទៅអាជ្ញាធរខេត្ត។

អ្នកទស្សនាម្នាក់ បានប្រាប់ថា ពួកគេបានធ្វើដំណើរឡើងដល់ល្អាងនាគ នៅម៉ោង ៧ និង ៣០ នាទីព្រឹក ដោយចាប់ផ្តើមដើរចុះនៅម៉ោង ៣ រសៀល ប៉ុន្តែទើបតែឡើងដល់ដីនៅម៉ោងជិត ៩ យប់។ របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ក៏និយាយផងដែរថា ភ្ញៀវជាង ៥០០ នាក់បាននៅល្អាងភ្នំទាំងយប់ ខណៈមគ្គុទ្ទេសក៍ទេសចរណ៍និយាយថា ចំនួនភ្ញៀវ មានប្រហែលមួយពាន់នាក់។

អភិបាលខេត្តបឹងកាន លោក Sanit Kaosa-ard បានបង្ហាញការព្រួយបារម្ភ និងបានអំពាវនាវឱ្យមានការរៀបចំកំណត់ចំនួនអ្នកចូលទស្សនាឱ្យមានរបៀបរៀបរយ។ ចំណែក រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ថៃ លោក Varawut Silpa-archa មានប្រសាសន៍ថា នឹងមានវិធានការកំណត់ចំនួនអ្នកចូលទស្សនា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង