×

សម្តេចតេជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត ខណៈ​ដែល​កូវីដ១៩ ប្រភេទ​អូមីក្រុង​កើនឡើង​ចំនួន​ឆ្លង​កាន់តែច្រើន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈកូវីដ១៩ ប្រភេទអូមីក្រុង កើនឡើងចំនួនឆ្លងកាន់តែច្រើន។ នេះបើយោងតាមសារជាសំឡេងនាល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងតាមរយៈសារជាសំឡេងថា៖ “ស្ថិតនៅក្នុងស្ថានភាព នៃការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ ចាំបាច់ត្រូវដាក់វិធានការបន្ទាន់ទៅលើវិធានការដែលយើងមានរួចមកហើយ”។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវចំពោះបងប្អូនរួមជាតិ សូមមេត្តាយកចិត្តទុកដាក់ទៅលើកិច្ចការពារខ្លួនជាចាំបាច់ ក្នុងនោះ បញ្ហាទាក់ទងទៅនឹងការជួបជុំ ការប្រមូលផ្ដុំ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “ប្រសិនបើយើងអនុវត្ដបាន ៣កុំ និង ៣ ការពារបាន ជំងឺនេះក៏មិនអាចឆ្លងរាលដាលធ្ងន់ធ្ងរយ៉ាងដូច្នេះដែរ”។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា៖ “បន្ទាប់ពីចូលឆ្នាំចិនរួចហើយ យើងសង្កេតឃើញថា ប្រទេសកម្ពុជាយើងមានការកើនឡើងនៃចំនួនឆ្លង ហើយប្រទេសថៃក៏មានការកើនឡើងនូវការឆ្លង នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាក្នុងប្រទេសអាស៊ានដទៃទៀត គឺសុទ្ធតែមានការកើនឡើង។ ដូច្នេះខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋកាត់បន្ថយការជួបជុំ ផឹកស៊ីកម្សាន្តសប្បាយ ដើម្បីធានានូវការរក្សាគម្លាតសុវត្ថិភាព សម្រាប់ការពារនូវការឆ្លង បើទោះបីជាមេរោគបច្ចុប្បន្ននៅកម្ពុជាពុំមានករណីដែលតា និង អាល់ហ្វាដែលជាជំងឺដ៏កាចសាហាវដែលឆក់យកជីវិតប្រជាជននោះក៏ដោយ”។

សម្ដេចតេជោ បានបញ្ជាក់ដែរថា៖ “បើទោះបីជា អូមីក្រុងនេះ មានការស្រាលជាងដែលតា និងអាល់ហ្វា ក៏ប៉ុន្តែប្រសិនបើការឆ្លងនេះមានការកើនឡើងខ្ពស់ វានឹងនាំដល់គ្រោះថ្នាក់ដែលអាចសាយភាយចេញពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្ត ដែលឥឡូវនេះខេត្តមួយចំនួន ពុំមានករណីឆ្លងទេ ក៏ប៉ុន្តែនៅទីក្រុងភ្នំពេញបែរ ជាមានការឆ្លងច្រើន ដែលត្រូវយកចិត្តទុកដាក់ពង្រឹង នូវស្ថានភាពទាំងឡាយនៅតាមទីកន្លែងដែលបើកឲ្យធ្វើអាជីវកម្ម ដូចជារង្គសាល ឬពិធីជួបជុំនានា ការរៀបអាពាហ៍ពិពាហ៍ ការជួបជុំខាងសាសនាជាដើមគួរត្រូវបានកំណត់ចំនួនមនុស្សឱ្យកាន់តែតិចកាន់តែល្អ”។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា៖ “ការធ្វើនេះ មិនមែនជាការដើរថយក្រោយទេ ក៏ប៉ុន្តែជាការទប់ស្កាត់មហន្តរាយដែលកើតឡើងជាយថាហេតុ ដោយអូមីក្រុង កំពុងតែរីករាលដាលនៅទីក្រុងភ្នំពេញយ៉ាងច្រើនប្រសិនបើយើងមិនប្រយ័ត្នទេ នឹងពង្រាយនៅទូទាំងប្រទេស ដូចដែលយើងធ្លាប់បានជួបប្រទះ នូវប្រភេទអាល់ហ្វា និងដែលតា ដូចគ្នា”។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសាជាថ្មីឱ្យអនុវត្តវិធានការ បីកុំ បីការពារ ការលាងដៃ និងការរក្សាគម្លាត។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិសូមទទួលយកវ៉ាក់សាំងដូសទី៣ ឱ្យបានគ្រប់គ្នា ដែលករណីវ៉ាក់សាំង គឺជាយុទ្ធសាស្ត្រគន្លឹះដើម្បីការពារជីវិតរបស់បងប្អូន បើទោះបីជាជំងឺវាឆ្លង ក៏ប៉ុន្តែដោយសារតែមានវ៉ាក់សាំង ភាពបន្សំនៅក្នុងខ្លួនរបស់យើងនឹងកាត់បន្ថយ នូវអត្រាការស្លាប់ ឬអត្រានៃការឈឺធ្ងន់។ សម្ដេចក៏បានលើកឡើងដែរថា យើងត្រូវធ្វើដំណើរដោយជើងពីរ ជើងម្ខាង គឺវិធានការ ៣កុំ ៣ការពារ និងជើងម្ខាងទៀត គឺចាក់វ៉ាក់សាំង ។ សម្រាប់អ្នកមិនទាន់ចាក់ត្រូវតែចាក់ដូសមូលដ្ឋាន អ្នកដែលបានចាក់ដូសមូលដ្ឋានពីរដងរួចហើយ ត្រូវតែទទួលយកដូសទី៣ ជាបន្ទាន់។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ ខេត្តស្រុក ក៏ដូចជាក្រុមប្រឹក្សាឃុំសង្កាត់និងភូមិ និងប្រជាពលរដ្ឋរបស់យើង យកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួនដើម្បីជៀសវាង នូវមហន្តរាយសម្រាប់ប្រទេសរបស់យើង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង