ថៃ៖ ស្ត្រីម្នាក់ ត្រូវបានបុរសម្នាក់ចាក់ស្រាលើបណ្ដាលឱ្យសើមរ៉ូប ធ្វើឱ្យនាងខឹងយ៉ាងខ្លាំង និងបានទាត់បុរសនោះ ដែលតាមពិតនាងគឺជាអ្នកប្រដាល់ម្នាក់។
បុរសខាងលើ ចាក់ស្រាបៀរលើនាង ព្រោះនាងបដិសេធ មិនព្រមផឹកជាមួយគាត់។ វីដេអូមួយ ត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២។
ស្ត្រីឈ្មោះ Pareploy Saeaia អាយុ ២៤ឆ្នាំ បានបង្ហោះវីដេអូនៅលើទំព័រ Facebook របស់នាង ហើយសរសេរថា នាងកំពុងញ៉ាំអាហារពេលល្ងាចនៅហាងលក់អាហារមួយក្នុងសង្កាត់ Huai Kwang ទីក្រុងបាងកក កាលពីយប់ថ្ងៃចន្ទ ស្រាប់តែបុរសនោះ បានដើរមកជិតនាង និងសុំឱ្យនាងផឹកជាមួយ ប៉ុន្តែនាងបដិសេធ។ ៥នាទីក្រោយមក បុរសនោះ បានមកចាក់ស្រាបៀរពេញនាង ខណៈពេលនាងកំពុងញ៉ាំ។ ការឈ្លោះប្រកែក ក៏បានកើតឡើងនៅតាមផ្លូវ។
Pareploy បានសរសេរថា៖ “ប្រសិនបើរឿងនេះកើតឡើងចំពោះស្ត្រីផ្សេងទៀត ពួកគេអាចជ្រើសរើសនូវការមិនតបត។ បុរសនេះជ្រើសរើសមនុស្សខុសហើយ ព្រោះខ្ញុំជាអ្នកប្រដាល់”។ នាងបានបន្ថែមថា បណ្តឹងមួយ ត្រូវបានដាក់ទៅប៉ូលិសសង្កាត់ Huai Kwang ផងដែរ។
នៅក្នុងវីដេអូ គេឃើញ Pareploy ដាល់ និងទាត់បុរសនោះ។ ទោះ បី បានមិនបានតដៃ ក៏បុរសនោះមិនសុំទោសចំពោះទង្វើរបស់ខ្លួនដែរ។
សេចក្ដីរាយការណ៍ឱ្យដឹងថា ស្ត្រីរូបនេះ ជាអ្នកប្រដាល់ថៃអាជីពតាំងពីតូច ហើយធ្លាប់ប្រកួត ៥០ដង ឈ្នះ ៤០ដង និងចាញ់ ១០ដង។ ចាប់តាំងពីឆ្នាំ២០១៣ នាងបានឈ្នះមេដាយជាច្រើននៅក្នុងថ្នាក់ជាតិ ហើយបច្ចុប្បន្ន នាងធ្វើការជាគ្រូបង្វឹកប្រដាល់៕
(ទស្សនាវីដេអូ)