កូឡុំប៊ី៖ ក្រុមមន្ត្រីបាននិយាយថា ការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់នៅភាគកណ្តាលប្រទេសកូឡុំប៊ី។
មនុស្ស ៣៥នាក់ផ្សេងទៀត កំពុងសម្រាកនៅមន្ទីរពេទ្យ បន្ទាប់ពីផ្ទះជាច្រើនខ្នង ត្រូវបានលេបត្របាក់ នៅក្នុងក្រុង Dosquebradas ខេត្ត Risaralda កាលពីថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២។
អ្នកស្រុកផ្សេងទៀតដែលរស់នៅជិតទន្លេដែលទឹកទន្លេកំពុងហក់ឡើងខ្ពស់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសកូឡុំប៊ី បាននិយាយថា ក្រុមជួយសង្គ្រោះ បាននិងកំពុងស្វែងរកជននៅរស់ដែលអាចជាប់នៅក្នុងភក់បន្ថែមទៀត។
ការរអិលបាក់ដីជារឿងធម្មតានៅក្នុងប្រទេសកូឡុំប៊ី ដោយសារផ្ទះសង់នៅជើងភ្នំ ដែលបង្កឱ្យមានហានិភ័យខ្ពស់ ជាពិសេសក្នុងរដូវវស្សារបស់ប្រទេសនេះ។ ក្នុងឆ្នាំ២០១៩ មនុស្សយ៉ាងហោចណាស់ ២៨នាក់បានស្លាប់ បន្ទាប់ពីការរអិលបាក់ដីបានវាយប្រហារខេត្ត Cauca ភាគនិរតីប្រទេស។
កាលពី២ឆ្នាំមុន មនុស្សជាង ២៥០នាក់បានស្លាប់ នៅពេលដែលការបាក់ដីបានវាយប្រហារទីក្រុង Mocoa ក្នុងខេត្ត Putumayo ភាគខាងត្បូងប្រទេសនេះផងដែរ៕