
អូស្ត្រាលី៖ តាមរយៈការ Live ជជែកកម្សាន្តរបស់អតីតតារាសម្តែងល្បីឈ្មោះ ដាញ់ ម៉ូនីកា ពីទឹកដីអូស្ត្រាលីកាលពីម្សិលមិញ បានធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរពីជីវិតគ្រួសារតួឯកស្រីក្នុងរឿង ចៅពស់កេងកងរូបនេះជាខ្លាំងបើទោះជានាង និងស្វាមីរៀបការអស់រយៈពេលជាង១០ឆ្នាំហើយក៏ដោយ។

ដាញ់ ម៉ូនីកា បានបង្ហាញភាពផ្អែមល្ហែមក្នុងការ Live ជាមួយស្វាមី និងបាននិយាយថា ស្វាមីនាងទទូចឱ្យនាងទៅចាក់សាក់ជាញឹកញាប់ ប៉ុន្តែដោយសារនាងជាមនុស្សខ្លាចឈឺ ដូចនេះហើយទើបនាងមិនព្រមទទួលសំណើរមួយនេះពីស្វាមីភ្លាមៗឡើយ រហូតដល់ឮពាក្យស្វាមីនាងប្រាប់ថា ចង់ឱ្យសាក់ដើម្បីស្រួលរកនៅជាតិក្រោយ។

ដាញ់ ម៉ូនីកា បានបង្ហាញអារម្មណ៍រំភើបជាខ្លាំងចំពោះក្តីស្រលាញ់ និងសុភមង្គលដែលស្វាមីនាងបានផ្តល់ឱ្យបើទោះជារៀបការជាមួយគ្នាអស់រយៈពេលជាង ១០ឆ្នាំហើយក៏ដោយ ប៉ុន្តែទង្វើដែលស្វាមីនាងបានធ្វើប្រៀបបីដូចកាលស្រលាញ់គ្នាដំបូងអ៊ីចឹង។

គួរបញ្ជាក់ដែរថា ដាញ់ ម៉ូនីកា គឺជាអតីតតារាសម្តែងដ៏មានប្រជាប្រិយភាពខ្លាំងដោយសារទេពកោសល្យ និងសមត្ថភាពសម្តែងខ្ពស់ ប៉ុន្តែបន្ទាប់ពីរៀបការទៅនៅប្រទេសអូស្ត្រាលីជាមួយស្វាមីមក នាងក៏បានបញ្ចប់អាជីពសិល្បៈ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនសោកស្តាយជាខ្លាំង។ ទោះជាយ៉ាងណា ក៏គ្រប់គ្នារីករាយដែលបានឃើញតារាក្នុងដួងចិត្តពួកគេទទួលបានសុភមង្គលលើជីវិតគ្រួសាររបស់ផងដែរ៕
