×

ដំណឹងល្អ! ផ្លូវល្បឿនលឿនពី រាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹង​ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង​ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ

ភ្នំពេញ៖ ផ្លូវល្បឿនលឿនពី រាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ។ នេះបើយោងតាមលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២២ ព្រមទាំងដាក់ឱ្យប្រើប្រាស់ជាផ្លូវការតែម្តង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការដាក់ដំណើរការផ្លូវល្បឿនលឿន ជាបណ្តោះអាសន្ននេះ ស្របពេលដែលក្រសួងសាធារណការ ចាប់ផ្តើមបើកការដ្ឋានពង្រីកទំហំ ផ្លូវជាតិលេខ៤ (ពីភ្នំពេញ ទៅខេត្តព្រះសីហនុ) ពី៧ម៉ែត្រ ទៅ១៤ម៉ែត្រ។

ទន្ទឹមនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងបន្ថែមថា ក្រសួង នឹងផលិតស្ពតពាណិជ្ជកម្មពន្យល់ណែនាំ ពីការប្រើប្រាស់ផ្លូវល្បឿនលឿន ដោយសារតែប្រជាពលរដ្ឋកម្ពុជាមួយចំនួន មិនយល់ច្បាស់ពីការប្រើប្រាស់ផ្លូវល្បឿនលឿននៅឡើយ។ ក្នុងនោះដែរ ផ្លូវនេះ នឹងមិនអនុញ្ញាតឱ្យម៉ូតូតូច និងរថយន្តដែលបើកបើរក្នុងល្បឿនយឺត៣០គីឡូម៉ែត្រក្នុងមួយម៉ោងបើកបរនោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង