×

កម្ពុជា កំពុង​ស្នើសុំ​ចុះ​ព្រះរាជ​ពិធី​បុណ្យអុំទូក ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា កំពុងស្នើសុំចុះព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។ នេះជាការងារអភិរក្សវប្បធម៌ ក្នុងទិសដៅដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ការលើកឡើងដូចនេះ ធ្វើឡើងនៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួង នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រី ភឿង សកុណា បានលើកឡើងថា ក្រសួងបានបន្តរៀបចំ និងសហការរៀបចំឯកសារដើម្បីស្នើសុំចុះ ប្រាសាទកោះកេរ នំបញ្ចុក ក្បាច់គុនល្បុក្កតោ និងទីក្រុងបាត់ដំបង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ, និងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូ។ ក្រៅពីនេះ ក៏បានបន្តរៀបចំបញ្ជីត្រៀមដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ដែលមានសក្តានុពលផ្សេងទៀតទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ, រមណីយដ្ឋានអង្គរបុរី និងភ្នំដា, រមណីយដ្ឋានគូលែន, ក្រុមប្រាសាទបេងមាលា, ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ, រមណីយដ្ឋានឧដុង្គ, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក, អតីតមន្ទីរឃុំឃាំង ម-១៣ និងព្រះរាជពិធីបុណ្យអុំទូក។

លោកស្រី ភឿង សកុណា បានបញ្ជាក់ថា ការស្នើសុំចុះព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាការងារមួយក្នុងចំណោមការងារជាច្រើន ដែលជាសមិទ្ធកម្មការងារជាងពាក់កណ្ដាលអាណត្តិ នៅក្នុងរយៈពេល ៥ឆ្នាំ នៃអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា របស់ក្រសួងវប្បធម៌ នាពេលកន្លងមក។

ក្រៅពីការងារចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងឆ្នាំ២០២១ ក្រសួងក៏បានជួសជុល និងអភិរក្សសំណង់បុរាណចំនួន ១០៩សំណង់, វត្ថុបុរាណ/វត្ថុសិល្បៈចំនួន ៨២៩៦វត្ថុ/រូប/ដុំ/បំណែក/ផ្ទាំង/គ្រាប់, វត្ថុជាតិពន្ធុសាស្ត្រចំនួន ៥០៩មុខ និងសាស្ត្រាស្លឹករឹតចំនួន ៣១០៤៦ខ្សែ។ ទន្ទឹមនឹងនេះ ក្រសួងបានរកឃើញ និងទទួលបានវត្ថុបុរាណ/វត្ថុសិល្បៈពីគ្រប់ប្រភពទាំងអស់ចំនួន ៣១៤៣៤វត្ថុ/រូប/ដុំ/បំណែក/ផ្ទាំង/គ្រាប់ បូករួមទាំងវត្ថុបុរាណចំនួនជាង១០០រូបបន្ថែមទៀត ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ពីបរទេស ក្រោយបញ្ចប់កិច្ចចរចាជាង៣ឆ្នាំ។

ចំពោះការចុះបញ្ជីវត្ថុបុរាណ/វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុសាស្ត្រសរុប ២៣៥៨៧ វត្ថុ/រូប/ដុំ/ផ្ទាំង/បំណែក/គ្រាប់ និងបញ្ចូលទិន្នន័យវត្ថុបុរាណ/វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុសាស្ត្រទៅក្នុងប្រព័ន្ធទិន្នន័យ Database សរុប ១២៣៧៥ វត្ថុ/រូប/ដុំ/ផ្ទាំង/បំណែក។ បន្ថែមពីនេះ ក៏បានយកចិត្តទុកដាក់ និងសហការជាមួយសហគមន៍ ក្នុងការបណ្តុះបណ្តាល និងរៀបចំការសម្តែងសិល្បៈ ដោយក្នុងនោះក្រសួងបានស្តារល្ខោនវត្តកៀនស្វាយក្រៅឱ្យរស់រានឡើងវិញ ព្រមទាំងបានពង្រឹងការងារថែរក្សាសិល្បៈវប្បធម៌របស់សហគមន៍សំខាន់ៗ នៅខេត្តចំនួន១១ រួមទាំងសហគមន៍របស់ជនជាតិដើមភាគតិចនៅខេត្តចំនួន៨ ផងដែរ។

មិនតែប៉ុណ្ណោះក្រសួងបានឆ្លាក់ចម្លងស្បែកធំឈុតថ្មីបានចំនួន ៩០ផ្ទាំង និងបានសិក្សាស្រាវជ្រាវចងក្រងឯកសារ របាំក្បាច់បុរាណ ឬរបាំព្រះរាជទ្រព្យ ក្រាំងចម្រៀងសម្រាប់ច្រៀងអមកំដរក្នុងរបាំព្រះរាជទ្រព្យ ក្បាច់ហួន ល្ខោនបាសាក់, និងល្ខោនបាមោជ្ជទ័យ ព្រមទាំងបានបោះពុម្ពសៀវភៅ នារីរបាំកម្ពុជាសម័យចតុមុខ និងសម័យអង្គរ ជាភាសាខ្មែរផងដែរ។ ចំពោះការផ្សព្វផ្សាយក្រសួងក៏បានបង្កើនការផ្សព្វផ្សាយសិល្បៈទស្សនីយភាពខ្មែរ ពិសេសស្នាដៃសិល្បៈដែលទើបដំឡើងថ្មីដល់សាធារណជន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង