×

ឥណ្ឌូណេស៊ី ចាប់ផ្តើម​ធ្វើ​តេស្ត​វ៉ាក់សាំង​កូវីដ១៩​ផលិត​ក្នុងស្រុក​លើ​មនុស្ស

ហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ ក្នុងស្រុកលើមនុស្ស កាលពីថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានភ្លើងខៀវពីនិយតករឱសថ ខណៈប្រទេសនេះ ប្រឈមមុខនឹងការកើនឡើងនៃករណីកូវីដ១៩។

ការស្រាវជ្រាវលើវ៉ាក់សាំងឈ្មោះ “Merah Putih (សក្រហម)” ដែលដាក់ឈ្មោះតាមពណ៌នៃទង់ជាតិឥណ្ឌូណេស៊ី ដឹកនាំដោយសាកលវិទ្យាល័យ Airlangga និង Biotis Pharmaceutical Indonesia ។

គម្រោងនេះ បានពន្យារពេលចាប់តាំងពីដើមឆ្នាំ២០២០ ប៉ុន្តែឥឡូវនេះ អាជ្ញាធរសង្ឃឹមថានឹងអនុញ្ញាតឱ្យប្រើប្រាស់វានៅពាក់កណ្តាលឆ្នាំ២០២២ ប្រសិនបើការសាកល្បងទទួលបានជោគជ័យ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បាននិយាយថា វ៉ាក់សាំងដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅដំណាក់កាលចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសឥណ្ឌូណេស៊ី អាចត្រូវបានបរិច្ចាគទៅឱ្យប្រទេសផ្សេងទៀត ជាវ៉ាក់សាំងដូសជំរុញ ឬជាវ៉ាក់សាំងសម្រាប់កុមារដែលមានអាយុពី ៣ ទៅ ៦ ឆ្នាំ។

សូមជម្រាបថា ឥណ្ឌូណេស៊ី បានរាយការណ៍ថា មានអ្នកឆ្លងជាង ៤,៥លានករណី ដែលមានអ្នកស្លាប់ជិត ១៤៥.០០០ នាក់។ ប្រជាជនឥណ្ឌូណេស៊ី ដែលទទួលបានវ៉ាក់សាំង២ដូស មានប្រហែល ៤៨% នៃចំនួនប្រជាជនសរុប ហើយមានតែ ៥ លាននាក់ប៉ុណ្ណោះ បានទទួលដូសជំរុញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង