×

អាជ្ញាធរ​រាជធានីភ្នំពេញ ណែនាំ​ឱ្យ​ម្ចាស់ពិធី​នានា រៀបចំ​កៅអី​អង្គុយ​មិនឱ្យលើសពី​៧នាក់​ក្នុងមួយតុ ដើម្បី​ទប់ស្កាត់​កូវីដ១៩

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃនេះ បានក្រើនរំឭកដល់រដ្ឋបាលខណ្ឌ ទាំង១៤ មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងរាជធានីភ្នំពេញ ថា នៅកន្លែងមានមនុស្សប្រមូលផ្តុំផ្សេងៗ កៅអីអង្គុយមិនត្រូវឱ្យលើសពី៧នាក់ក្នុងមួយតុសម្រាប់ពិធីនានានោះឡើយ ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង។

ក្នុងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញបានសង្កេតឃើញថា ស្ថានភាពវិវឌ្ឍនៃមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងក្នុងសហគមន៍ បាននិងកំពុងតែរីករាលដាលរហូតដល់មានកំណើនលេខ ៣ខ្ទង់ ដែលប្រការនេះគួរឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ តាមការសង្កេតជាក់ស្តែង ប្រជាពលរដ្ឋមួយចំនួន មានការធ្វេសប្រហែសដោយមិនបានអនុវត្តវិធានការសុខាភិបាលពេញលេញ ដូចជាមិនបានពាក់ម៉ាស មិនរក្សាគម្លាតសុវត្ថិភាព និងមិនបានលាងដៃនឹងអាកុល ឬជែល នៅកន្លែងជួបជុំមនុស្សច្រើនដូចជាមង្គលការ បុណ្យទាន ភោជនីយដ្ឋាន ផ្សារ រោងចក្រ រោងសិប្បកម្ម កន្លែងកម្សាន្តផ្សេងៗ និងតាមទីសាធារណៈជាដើម។

ចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗដែលមានមនុស្សច្រើន ត្រូវណែនាំឱ្យរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឱ្យលើសពី៧នាក់ក្នុងមួយតុ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដូចជាបាញ់ អាកុល ឬជែលលាងដៃ វាស់កម្តៅ រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស ហើយការដោះម៉ាសចេញ ក្នុងអំឡុងពេលទទួលទានអាហារ ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ និងត្រូវពាក់ម៉ាសវិញនៅពេលងើបចេញពីតុ។ ទន្ទឹមនេះ ត្រូវពិនិត្យបណ្ណចាក់វ៉ាក់សាំង បើបុគ្គលណាមួយមិនបានចាក់វាំក់សាំង ឬហួសរយៈពេល៤ខែហើយមិនបានទៅចាក់វាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវ បុគ្គលនោះមិនអនុញ្ញាតឱ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង