ភ្នំពេញ៖ រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា បានដឹកនាំក្រុមការងារពិនិត្យសេចក្តីព្រាង អនុក្រឹត្យស្តីពី ការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ តបតាមសំណើរបស់ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររៀបចំអនុក្រឹត្យស្តីពី ការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន។
លោក សក់ សេដ្ឋា បានលើកឡើងថា សេចក្តីព្រាងអនុក្រឹត្យនេះ បានចំណាយពេលវេលាក្នុងការព្រាង ក៏ដូចបានរៀបចំការប្រជុំឆ្លងប្រមូលធាតុចូលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនដង ដោយសារកិច្ចការងារនេះ ជាការងារថ្មីសម្រាប់ប្រទេសកម្ពុជា ដែលត្រូវធ្វើការសិក្សាស្រាវជ្រាវ ពិភាក្សាគ្នាយ៉ាងលម្អិត ដើម្បីរៀបចំវិធានគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន សំដៅធានាថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងឯកជនភាព។
សូមបញ្ជាក់ថា អនុក្រឹត្យស្តីពី ការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន មាន៨ជំពូក និង៣៥មាត្រា។ អនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រងការចុះបញ្ជី ការអនុញ្ញាតផលិត ការកែច្នៃ ការកំណត់តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូន គ្រប់ប្រភេទដើម្បីធានាសន្តិសុខ សណ្តាប់សាធារណៈនៅកម្ពុជា។ អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះអាកាសយានគ្មានមនុស្សបើក ឬដ្រូនគ្រប់ប្រភេទ និងអ្នកប្រើប្រាស់ អ្នកផលិត អ្នកដំឡើង អ្នកកែច្នៃនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែអាកាសយានគ្មានមនុស្សបើក ឬដ្រូន ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ដែលត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក៕