×

កម្រ​បានជួប​គ្នាណាស់ ពេលបាន​ជួបគ្នា​ម្តង Jerry Yan និង Vanness Wu មានរឿង​និយាយ​មិនចេះអស់

តៃវ៉ាន់៖ អំឡុងឆ្នាំ២០០១ អ្នកណាដែលថាមិនស្គាល់បុរសសង្ហាទាំង៤ក្នុងរឿង F4 តៃវ៉ាន់ ដែលគ្រានោះរឿងភាគមួយនេះពិតជាកក្រើកខ្លាំង។ រយៈពេលជាច្រើនកន្លងទៅ សមាជិកទាំង៤ បានប្រើប្រាស់ជីវិតរបស់ពួកគេខុសៗគ្នាដោយអ្នកខ្លះ បានសម្រុកប្រឡូកក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹង និងខ្លះ ក៏បានប្រើប្រាស់ជីវិតក្នុងគ្រួសារច្រើនជាងការងារសិល្បៈ។

បន្ទាប់ពីរឿងភាគមួយនេះ បានបញ្ចប់ទៅ សមាជិកទាំង៤ កម្រនឹងបានជុំគ្នាខ្លាំងណាស់ ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះកម្មវិធី Welcome Back to Sound បានអញ្ជើញសមាជិកក្រុម F4 ពីររូបគឺលោក Jerry Yan និងលោក Vanness Wu ឱ្យចូលរួមក្នុងកម្មវិធីមួយនេះ។

កម្មវិធីនេះ បានថតជាភាគទុកសម្រាប់ទស្សនិកជនទស្សនាកម្សាន្ត ហើយសម្រាប់ភាគថ្មីៗនេះ បានបង្ហាញពីសកម្មភាពនៃការជួបជុំរបស់ Jerry និង Vanness ញ៉ាំអាហារជុំគ្នា និងជជែកកម្សាន្តដោយមិនមានវត្តមានរបស់ Vic Chou និង Ken Chu ឡើយ។

ដោយសារតែខានជួបគ្នាយូរ ទើបទោះបីជាគ្មានវត្តមានសមាជិក២រូបទៀតក៏ដោយ ក៏អ្នកទាំងពីរ មានរឿងជជែកគ្នាមិនចេះអស់ដែរ។ តាម Jerry បានឱ្យដឹងថា លើកចុងក្រោយដែលក្រុម F4 ជុំគ្នាគឺ នៅផ្ទះ Vanness ដែលមកទល់ពេលនេះប្រហែល ៤-៥ឆ្នាំហើយ។

ជាមួយគ្នានេះ សម្រាប់អ្នកគាំទ្រដែលបានឃើញវត្តមានតារាទាំងពីររូបនេះក្នុងកម្មវិធីហើយ ពួកគេពិតជាមានអារម្មណ៍រំភើប និងសង្ឃឹមថាសមាជិក F4 ទាំង៤នឹងបានជុំគ្នានៅថ្ងៃណាមួយផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង