
កែប៖ ខេត្តកែប នឹងក្លាយជាខេត្តដំបូងគេបង្អល់នៅកម្ពុជា ដែលអស់ការគំរាមកំហែងដោយសារគ្រាប់មីន នៅឆ្នាំ២០២២។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក ព្រុំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និងលោក វ៉ៅ សុខា អភិបាលរងខេត្ត និងជាប្រធានគណ:កម្មាធិការសកម្មភាពកំចាត់មីនខេត្ត (PMAC) បានដឹកនាំកិច្ចប្រជុំជាមួយ លោកឧត្ដមសេនីយ៍ វរសេនីយ៍ តំណាងកងកម្លាំងទាំងបីលោកលោកស្រី អភិបាល អភិបាលរងក្រុង ស្រុក តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារ របស់អាជ្ញាធរជាតិកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដើម្បីពិភាក្សាការងារត្រៀមរៀបចំពិធីប្រកាសខេត្តកែបអស់មីន ដែលក្លាយជាខេត្តដំបូងគេដែលអស់ការគម្រាមដោយសារគ្រាប់មីននៅឆ្នាំ២០២២ នៅសាលប្រជុំតូចសាលាខេត្តកែប ។

តាមផែនការ ចម្ការមីនចំនួន ០៨ នឹងត្រូវបញ្ចប់ការបោសសម្អាតទាំងអស់ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២នេះ។
ពិធីនេះ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ដោយមានការចូលរួមពីលោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ -អន្តរជាតិ និងអ្នកពាក់ព័ន្ធប្រមាណជាង ៣០០នាក់៕

