×

ហ្វីលីពីន បើក​ប្រទេស​ឡើងវិញ​សម្រាប់​អ្នកធ្វើដំណើរ​បរទេស

ម៉ានីល៖ ប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានបើកព្រំដែនទាំងអស់របស់ខ្លួនឡើងវិញ ចំពោះភ្ញៀវទេសចរបរទេស ដោយបានលុបចោលបម្រាមរយៈពេលពីរឆ្នាំ ដែលបានអនុវត្តដើម្បីការពារការរាលដាលនៃជំងឺកូវីដ១៩។

រដ្ឋលេខាធិការទេសចរណ៍ Bernadette Romulo-Puyat បាននិយាយថា ជនបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញពីប្រទេសចំនួន១៥៧ ត្រូវបានអនុញ្ញាតឱ្យចូលទៅទស្សនាប្រទេសហ្វីលីពីន ជាមួយនឹងការរៀបចំដោយគ្មានទិដ្ឋាការ។

ប្រទេសនៅអាស៊ីអាគ្នេយ៍ បានរាយការណ៍ពីភ្ញៀវទេសចរធ្លាក់ចុះ ៨២% ចន្លោះឆ្នាំ២០១៩ និង២០២០ នៅពេលដែលជំងឺរាតត្បាតបានចាប់ផ្តើម។

មន្ត្រីអន្តោប្រវេសន៍ Jaime Morente បាននិយាយថា អ្នកទេសចរ គ្រាន់តែត្រូវបង្ហាញឯកសារ ដូចជាព័ស្តុតាងនៃការចាក់វ៉ាក់សាំង និងលទ្ធផលតេស្តកូវីដ១៩អវិជ្ជមានប៉ុណ្ណោះ។ ការិយាល័យអន្តោប្រវេសន៍ហ្វីលីពីនរំពឹងថានឹងមានភ្ញៀវមកដល់ប្រហែល ៧០០០ នាក់នៅថ្ងៃព្រហស្បតិ៍ ហើយសង្ឃឹមថាចំនួននោះនឹងកើនឡើងដល់ ១០០០០ ទៅ ១២០០០ នាក់ជារៀងរាល់ថ្ងៃ នៅក្នុងខែបន្ទាប់។

ដំបូងឡើយហ្វីលីពីន គ្រោងនឹងទទួលយកអ្នកដំណើរបរទេសដែលចូលមកក្នុងប្រទេស ចាប់ពីខែធ្នូ ឆ្នាំមុន ប៉ុន្តែផែនការនេះ ត្រូវបានពន្យារពេល ដោយសារតែការកើនឡើងនៃករណីឆ្លងមេរោគអូមីក្រុង។

នាយកដ្ឋានទេសចរណ៍ បាននិយាយថា បុគ្គលិកជាង ៣៤៩.០០០នាក់ នៅក្នុងប្រទេសហ្វីលីពីន ពឹងផ្អែកលើវិស័យទេសចរណ៍។ ទីផ្សារទេសចរណ៍កំពូលរបស់ប្រទេសហ្វីលីពីន គឺ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ចិន និងជប៉ុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង