ប៉ាម៉ាក់មួយចំនួនអាចជួបឧបសគ្គមួយនៅពេលផ្ដាច់ដោះកូន និងចង់ឱ្យកូនងាកមកបៅទឹកដោះគោម្សៅវិញ នោះគឺកូនមិនព្រមបៅក្បាលដោះជ័រ។ កាលណាយើងចង់ផ្ដាច់ដោះហើយ កូនមិនពេញចិត្តក្បាលដោះជ័រទៀត ច្បាស់ជាយ៉ាប់ដល់ម៉ាក់ៗជាមិនខាន។ បើអ៊ីចឹងយើងគួរដោះស្រាយយ៉ាងម៉េច? តែកុំបារម្ភ! លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ ចែករំលែកក្បួនលួងកូនឱ្យបៅក្បាលដោះជ័រដូចខាងក្រោម។
១. ចាំកូនឃ្លានខ្លាំង
តាមទម្លាប់ ម៉ាក់ៗតែងតែឱ្យកូនបៅដោះរៀងរាល់ ២ ឬ៣ម៉ោងម្តង តែនៅពេលយើងប្ដូរមកឱ្យកូនបៅទឹកដោះគោម្សៅវិញ កូនបែរជាមិនចង់បៅក្បាលដោះជ័រ អ៊ីចឹងចាំបាច់ត្រូវតែពន្យារពេលនៃការបៅឱ្យយូរជាងមុនបន្តិច គឺចាំកូនឃ្លានខ្លាំងចាំឱ្យបៅ។ វិធីនេះល្អបំផុត ព្រោះកាលណាកូនឃ្លានខ្លាំង អាអូនមិនគិតថា ក្បាលដោះពិត ឬសិប្បនិម្មិតទេ ដឹងតែម៉ឹមមិនខាន។
២. ឱ្យអ្នកផ្សេងបំបៅកូន
គ្រប់ពេលអាអូនបៅដោះ គឺមានតែម៉ាក់ៗទេអាចបំបៅកូនបាន ដូច្នេះកូនស្គាល់ម៉ាក់ និងក្បាលដោះម៉ាក់ច្បាស់។ ហេតុនេះ បើចង់ឱ្យកូនបៅក្បាលដោះជ័រ ដែលជារបស់ប្លែក ទាល់តែឱ្យអ្នកដទៃមកបំបៅអាអូនជំនួសម្ដាយទើបបាន។
៣. បញ្ឆោតដោយដោះម៉ាក់
វិធីនេះប្រើសម្រាប់ក្មេងមិនព្រមបៅក្បាលដោះជ័រខ្លាំង ដែលមិនព្រមបោក្បាលដោះផ្សេងក្រៅពីក្បាលដោះរបស់ម៉ាក់ៗ។
ជំហានដំបូងម៉ាក់ៗត្រូវបន្តបំបៅដោះកូនធម្មតា តែដល់ពេលគេគេងជិតលក់ ឬគេងលក់ហើយ ចាំប្តូរពីដោះម៉ាក់ ទៅដបទឹកដោះគោវិញម្តង។
ក្មេងខ្លះពិតជាពិបាកក្នុងការឱ្យបៅក្បាលដោះជ័រមែន ហើយបើវិធីសាស្រ្តខាងលើមិនបានផល ប៉ាម៉ាក់ អាចសាកល្បងដាក់ទឹកដោះគោម្សៅក្នុងពែងឱ្យកូនញ៉ាំបន្តិចម្ដងៗ និងចាំមើលថាកូនចាប់ផ្ដើមលិឍឬអត់។ ពេលឃើញកូនចាប់ផ្ដើមលិឍទឹកដោះគោ ប៉ាម៉ាក់អាចបន្តឱ្យកូនផឹកបន្តិចម្ដងៗ ឬក៏អាចប្រើកូនស្លាបព្រាបញ្ចុកកូនបន្តិចម្ដងៗក៏បាន ទម្រាំកូនទម្លាប់នឹងរស់ជាតិទឹកដោះគោម្សៅ និងព្រមបៅក្បាលដោះជ័រ៕
ប្រភព៖ Hellokrupet