×

“សិស្សានុសិស្ស​មួយចំនួន​តូច យល់ច្រឡំ​ថា ថ្ងៃ១៤កុម្ភៈ ជា​ថ្ងៃបុណ្យសង្សារ”

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា យុវជនមួយចំនួនតូច បានភ័ន្តច្រឡំថា ទិវានៃសេចក្ដីស្រឡាញ់ គឺជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ រហូតឈានដល់ការប្រព្រឹត្តប្រាសចាកពីប្រពៃណីវប្បធម៌ខ្មែរ។

ក្នុងសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងដូចនេះថា៖ “សិស្សានុសិស្សមួយចំនួនតូច យល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍”។

ក្រសួងបានបន្តថា ទិវានេះ មិនមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូច បានប្រព្រឹត្តសកម្មភាពភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូរបុគ្គលនិងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។

ក្រសួងបានជំរុញដល់អ្នកពាក់ព័ន្ធ និងអាណាព្យាបាល ត្រូវផ្សព្វផ្សាយពីអត្ថន័យនៃទិវានៃសេចក្ដីស្រឡាញ់ ដើម្បីកុំឱ្យមានការយល់ខុស និងត្រូវផ្ដល់ព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ក្នុងទិវានេះ ដែលនឹងប្រព្រឹត្តទៅចំថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង