×

អ្នកតេស្តវិជ្ជមាន​កូវីដ១៩ ត្រូវប្រើឱសថ (Molnupiravir Capsules 200mg) ទៅតាម​រោគសញ្ញា និង​ការចាំបាច់

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានក៏បញ្ជាក់ថា ត្រូវប្រើឱសថព្យាបាលតាមរោគសញ្ញា តាមការចាំបាច់ និង/ឬប្រើឱសថប្រឆាំងវីរុស ដូចជាម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីល្លីក្រាម (Molnupiravir Capsules 200mg) ជាដើម ដោយគោរពនូវកម្រិតដូសប្រើប្រាស់ គឺលេបម្តង ៤គ្រាប់ (កម្រិត២០០មីល្លីក្រាម ក្នុងមួយគ្រាប់) លេបរៀងរាល់១២ម៉ោងម្តង សម្រាប់រយៈពេល ៥ថ្ងៃ ជាប់គ្នាជាបន្តបន្ទាប់។

ជាមួយគ្នានេះ គួរប្រើឱសថមូលនូពីរ៉ាវា (Molnupiravir) នេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ រកឃើញ វិជ្ជមាន។

មិនត្រូវប្រើឱសថនេះ ក្នុងអំឡុងពេលមានផ្ទៃពោះ និងលើស្រ្តីបំបៅដោះកូន ព្រមទាំង ហាមប្រើសម្រាប់មនុស្សដែលមានអាយុក្រោម ១៨ឆ្នាំ។ ត្រូវពិសារទឹកឱ្យបានគ្រប់គ្រាន់ពី ២-៣លីត្រ ក្នុង១ថ្ងៃ។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋអាចរកទិញឱសថមូលនូពីរ៉ាវា (Molnupiravir) ឬម៉ូលណាទ្រីស (ជាប្រភេទកាប់ស៊ុល ២០០ មីល្លីក្រាម) នៅតាមឱសថស្ថាន ឬឱសថស្ថានរងស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬស្នើបញ្ជារទិញដោយផ្ទាល់ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬសាខាប្រៃសណីយ៍កម្ពុជានៅតាមបណ្តាខេត្ត។

ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ឬគ្មានរោគសញ្ញា ដែលធ្វើការព្យាបាលនៅតាមផ្ទះ ត្រូវធ្វើតេស្គរហ័សរកអង់ទីហ្សែនកូវីដ១៩ នៅថ្ងៃទី៧ ប្រសិនបើគ្មានរោគសញ្ញារយៈពេល ៣ថ្ងៃចុងក្រោយ (ថ្ងៃទី៥, ៦ និង៧)។ ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សអវិជ្ជមាន អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលដោយខ្លួនឯង។

ប្រសិនបើលទ្ធផលតេស្តរហ័សវិជ្ជមាន ត្រូវធ្វើតេស្តរហ័សម្តងទៀតក្នុងគម្លាត៤៨ម៉ោងពីគ្នា រហូតដល់ទទួលបានលទ្ធផលតេស្តរហ័សអវិជ្ជមាន។ ចំពោះអ្នកដែលបានចាក់ វ៉ាក់សាំងពេញលេញ ពុំតម្រូវឱ្យធ្វើចត្តាឡីស័កក្រោយបញ្ចប់ការព្យាបាលឡើយ។ ចំពោះអ្នកដែលពុំបានចាក់វ៉ាក់សាំង ពេញលេញ ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ ក្រោយពីបញ្ចប់ការព្យាបាលនៅផ្ទះ។

កាកសំណល់របស់អ្នកជំងឺ ត្រូវរក្សាទុកដោយខ្ចប់ឱ្យជិតនិងដាក់ដោយឡែក រួចអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរ
មូលដ្ឋាន ឬក្រុមគ្រូពេទ្យ នៅតាមតំបន់ដែលបងប្អូនរស់នៅជាចាំបាច់ ចៀសវាងការចម្លងរោគ៕

ដោយ៖ គង់ វណ្ណៈ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង