បាងកក៖ បើយោងតាមកាសែតថៃ Khaosod បានឱ្យដឹងថា ប្រជាជនថៃ ពិសេសយុវជនថៃ បានយកចិត្តទុកដាក់ចំពោះថ្ងៃបុណ្យនៃក្តីស្រលាញ់។ ក្រៅពីផ្កាកុលាប អំណោយ និងអាហារពេលល្ងាច អ្នកខ្លះហៅវាថា ទិវាក្រេបផ្កា ឬទិវាលះបង់ព្រហ្មចារី។ នៅក្នុងភាសាថៃគេហៅថា “wan sia tua haeng chart (วันเสียตัวแห่งชาติ)”។
ប្រធាននាយកដ្ឋានសុខភាព Suwannachai Wattanayingcharoenchai កាលពីសប្តាហ៍មុន បានព្រមានគូស្នេហ៍គួរតែធ្វើតេស្តដោយខ្លួនឯងសម្រាប់ការឆ្លងមេរោគកូវីដ១៩ មុនពេលប្រព្រឹត្តទំនាក់ទំនងផ្លូវភេទជាមួយដៃគូរបស់ពួកគេ។
ទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត គឺយុវជនថៃមួយចំនួន បាននាំគ្នាបន់ស្រន់នៅមុខរូបសំណាកនៃអាទិទេពហិណ្ឌូដ៏ល្បីនៅកណ្ដាលក្រុងបាងកក ដែលស្គាល់ថា “Trimurti” សង្ឃឹមថា ពួកគេនឹងបានជួបមិត្តរយឆ្នាំរបស់ពួកគេ។
អំឡុងទិវានៃក្ដីស្រឡាញ់ ផ្កាកុលាប កំពុងឡើងថ្លៃផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃអាទិត្យ កាសែត Khaosod បានរាយការណ៍ថាតម្លៃផ្កា កើនដល់ ៥០០ ទៅ ៧០០ បាតសម្រាប់ផ្កាកុលាបក្រហមចំនួន ៥០ទង៕