ឧត្តរមានជ័យ៖ ជាងមួយឆ្នាំក្រោយពីបានមកនៅជម្រកថ្មីក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដំរីខាវ៉ាន់មានសុខភាពល្អ និងមានអារម្មណ៍ល្អប្រសើរបណ្តើរៗ បន្ទាប់ពីរស់នៅយ៉ាងឯកោក្នុងសួនសត្វនៅប្រទេសប៉ាគីស្ថានជាច្រើនឆ្នាំ។ នេះបើយោងតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។
ដំរីខាវ៉ាន់ ត្រូវបានប្រទេសស្រីលង្កា ផ្តល់ជាអំណោយឱ្យប្រទេសប៉ាគីស្ថាន តាំងពីវាមានអាយុ ១ ឆ្នាំ និងត្រូវបានរស់នៅក្នុងសួនសត្វតាំងពីតូចមក។ ខាវ៉ាន់ ធ្លាប់មានដៃគូ តែជាអកុសល ដំរីញីនោះ បានស្លាប់ក្នុងទ្រុងជាមួយ ហើយខាវ៉ាន់បានបន្តរស់នៅឯកោ រហូតដល់ដល់ឆ្នាំ២០២០។ ការតតាំងក្តីមួយបានឈ្នះដែលដឹកនាំដោយអ្នកចម្រៀងដ៏ល្បីឈ្មោះ CHER និងមានការចូលរួមពីអង្គការអភិរក្សសត្វព្រៃជាច្រើន ក្នុងនោះក៏មានអង្គការដែនជម្រកសត្វព្រៃកម្ពុជាផងដែរ។
ដំរីខាវ៉ាន់ ដែលមានអាយុ ៣៧ឆ្នាំ បានមកដល់ទឹកដី នៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២០។ នៅកម្ពុជា ខាវ៉ាន់ មានមិត្តភក្តិជាដំរីញីស្រុក ចំនួន ៣ ក្បាល៕