
ថៃ៖ អត្រាកំណើតធ្លាក់ចុះរបស់ប្រទេសថៃ នឹងបំផ្លាញសេដ្ឋកិច្ច និងសង្គម ដោយអ្នកជំនាញនិយាយថា និន្នាការនេះនឹងធ្វើឱ្យកម្លាំងពលកម្មរបស់ប្រទេសធ្លាក់ចុះ ហើយមនុស្សវ័យចំណាស់កាន់តែច្រើននឹងបន្ថែមបន្ទុកដល់សាច់ញាតិរបស់ពួកគេ។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ Sathit Pitutecha បាននិយាយថា អត្រាធ្លាក់ចុះ កំពុងគំរាមកំហែងជាច្រើន ជាពិសេសអាយុសង្ឃឹមរស់ជាមធ្យមរបស់ប្រទេស ដែលរំពឹងថានឹងមានពីចន្លោះពី ៧០-៨០ឆ្នាំ នាពេលបច្ចុប្បន្នទៅ ៩០-១០០ នាពេលអនាគត។
លោកបាននិយាយថា ដំណោះស្រាយអាចជាការលើកទឹកចិត្តមនុស្សឱ្យមានកូនកាន់តែច្រើន តាមរយៈការលើកកម្ពស់ការសម្រាលកូនជាមធ្យោបាយមួយក្នុងការរួមចំណែកដល់សង្គម។
ក្នុងឆ្នាំ២០១៩ ចំនួនប្រជាជនថៃ បានកើនឡើងតិចជាង ៦សែន នាក់ជាលើកដំបូង។ កាលពីឆ្នាំមុន ចំនួនប្រជាជនបានកើនឡើងចំនួន ៥៤៤.៥៧០នាក់ ដែលនាំឱ្យអត្រាមានកូនសរុបរបស់ប្រទេស ធ្លាក់ចុះមកត្រឹម ១,៣ ដែលទាបជាងមធ្យមភាគសាកល ២,៥។
ការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ បាននិយាយថា ប្រសិនបើនិន្នាការនេះ នៅតែបន្តមិនធ្លាក់ចុះនោះនៅឆ្នាំ២០៤០ កុមារនឹងមានត្រឹមតែ ១២,៨% នៃចំនួនប្រជាជនសរុប ហើយមនុស្សចាស់មានចំនួន ៣១%៕
